ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសនេសាទជនជាតិវៀតណាមម្នាក់បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីប្រជានេសាទភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងបង្ហើបថា ព្រឹកថ្ងៃតី២ ខែឧសភា អ្នកទោះនេសាទជនជាតិវៀតណាមម្នាក់ បានបាត់បង់ជីវិតចោលប្រពន្ធ និងកូនស្រី ប្រុសចំនួន ៣នាក់ ក្រោយពេលគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីជាប់ពន្ធនាគារខេត្តពោធិ៍សាត់ កាលពីចុងខែមករា ឆ្នាំ២០១៧ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសនេសាទ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលឡើងនាព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះឈ្មោះ ង្វៀង យាំុងលោម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសតូចៗចំនួន ០៣នាក់ក្នុងបន្ទុកគ្រួសារ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងគ្រោះគេមិនដឹងមានជំងឺអ្វីនោះទេ តែគេឃើញបែកពពុះមាត់នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ខណៈនោះគេឃើញមន្រ្តីអនុរក្សពន្ធនាគារ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ក្រោយមកបន្តិច ស្រាប់តែជនរងគ្រោះបានស្លាប់មួយរំពិច ។ សាកសពសាច់ញាតិត្រៀមទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង។

គួររំលឹកថា៖ អ្នកទោស ង្វៀង យាំុងលោម ជាកម្មករនេសាទឲ្យ ថៅកែឈ្មោះ ថន ជនជាតិវៀតណាមដូចគ្នា ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ដែលកំពុងតែប្រព្រឹត្តបទល្មើសនេសាទ(អួនកែច្នៃ)រាល់ថ្ងៃ ហើយជនរងគ្រោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅគ្រាដែលកម្លាំងអន្តរក្រសួងចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅបឹងទន្លេសាប ប៉ុន្តែកាលណុះថៅកែឈ្មោះ ថន រត់គេចខ្លួនរួច៕ ប៉ឹម ពិន

 


ចែករំលែក៖