ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង ៖ វិបត្តិបច្ចុប្បន្នគ្រោះថ្នាក់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក

ចែករំលែក៖

កូរ៉េខាងជើងបញ្ជាក់ថា វិបត្តិនាពេល បច្ចុប្បន្ននៅឧបទ្វីបកូរ៉េគឺគ្រោះថ្នាក់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមកគឺចាប់តាំងពីសង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅឆ្នាំ ១៩៥៣។

សារព័ត៌មាន VnExpress បានផ្សាយថា កូរ៉េខាងជើងបានបញ្ជាក់ថា វិបត្តិនាពេល បច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតក្រោយសង្គ្រាមកាត់ផ្តាច់កូរ៉េទាំងពីរ នៅឆ្នាំ១៩៤៩-១៩៥៣។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់ព័ត៌មាន ពីក្រសួងការបរទេសកូរ៉េខាងជើងបញ្ជាក់ថា បើទោះបីការប្រឈមមុខរវាងអាមេរិកនឹងកូរ៉េខាងជើងអូសបន្លាយជាយូរណាស់មកហើយក្តីប៉ុន្តែការចង់ធ្វើសង្គ្រាមរបស់អាមេរិកមិនដែលឈានដល់កម្រិតកំពូលដូចជាពេលនេះឡើយ ហើយឧបទ្វីបកូរ៉េក៏មិនដែលឈានដល់មាត់ រណ្តៅនៃសង្គ្រាមដូចជាពេលនេះដែរ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា អ្នកដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនោះគឺអាមេរិក ព្រោះបានបំផ្លាញសន្តិសុខស្ថិភាពក្នុងតំបន់។ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ទៀតថា ទីក្រុងព្យុងយ៉ាងពិតជាឆ្លាតវៃ ដើរ លើផ្លូវត្រឹមត្រូវ ដែលសម្រេចបង្កើនការ ផលិតមីស៊ីលនិងគ្រាប់បែកបរមាណូ ។ បើកូរ៉េខាងជើងគ្មានអាវុធទំនើបៗទេនោះ ប្រទេសនេះនឹងរងការវាយប្រហារជាមិនខានឡើយ។

នៅពេលនេះដែរ យន្តហោះទម្លាក់គ្រាប់បែករបស់ចិនបានធ្វើសកម្មភាពច្រើនជាងធម្មតា។ សារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីមន្ត្រីអាមេរិកមកបញ្ជាក់ថា សកម្មភាពខុសប្រក្រតីរបស់យន្តហោះ ទម្លាក់គ្រាប់បែកចិនគឺជាសញ្ញាមួយបង្ហាញថា ចិនបានត្រៀមលក្ខណៈធ្វើសង្គ្រាមតាមដែនអាកាស ។

មន្ត្រីអាមេរិកបានប្រកាសថា តាមការ សន្និដ្ឋាន កូរ៉េខាងជើង អាចនឹងសាកល្បង គ្រាប់បែកបរមាណូ លើកទី៦ក្នុងពេលដ៏ខ្លីខាងមុខរួមជាមួយ កាំជ្រួចមីស៊ីលជាច្រើន គ្រាប់ទៀត។

ប្រធានាធិបតីអាមេរិកលោកត្រាំបាន បញ្ជាក់ផងដែរថា លោកសង្ឃឹមថា ចិន នឹង ខិតខំឲ្យអស់ពីសម្ថភាព ដើម្បីបញ្ចប់ កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ធ្វើឲ្យ ស្ថានភាពល្អប្រសើរឡើងវិញ។

ក្រុមអ្នកវិភាគបានលើកឡើងថា គំនិត វាយប្រហារកូរ៉េខាងជើង របស់អាមេរិក តាំងពីដើមមក មិនបោះបង់ឡើយ ដើម្បី បង្រួបបង្រួមជាតិកូរ៉េ។ ទាំងនោះហើយក៏ជាហេតុផលដែលកូរ៉េខាងជើង មិនព្រម បោះបង់ កម្មវិធីផលិតអាវុធរបស់ខ្លួន សម្រាប់ទប់ទល់នឹងអាមេរិក។ មួយវិញ ទៀត បើអាមេរិក មិនមានបំណងចង់វាយ កូរ៉េខាងជើងទេ ហេតុអ្វីបានជាអាមេរិក មិនចុះសន្ធិសញ្ញាសន្តិភាព ជាមួយកូរ៉េខាង ជើង បញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៥៣នោះតែ ម្តងទៅ។ បច្ចុប្បន្ន អាមេរិកកូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្ថិតនៅដំណាក់កាលនៃសង្គ្រាមនៅឡើយទេ ដោយនៅក្នុងសង្គ្រាម ៣ឆ្នាំរវាង កូរ៉េខាងជើង កូរ៉េខាងត្បូងនឹង អាមេរិក បញ្ចប់ទៅ ដោយកិច្ចព្រមព្រៀង ឈប់បាញ់តែប៉ុណ្ណោះ មិនមានសន្ធិសញ្ញា សន្តិភាព បញ្ចប់សង្គ្រាមជារៀងរហូត នោះឡើយ។

បច្ចុប្បន្នសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅក្នុងប្រទេសស៊ីរី និងកូរ៉េខាងជើង បានធ្វើឲ្យគេនឹកឃើញ ដល់ការទស្សន៍ទាយថា សង្រ្គាម លោក និងសង្គ្រាមបរមាណូកើតចេញពីប្រទេសទាំង២ គឺស៊ីរីនិងកូរ៉េខាងជើង ហើយរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ ឈានដល់ សង្គ្រាមបរមាណូ។

កន្លងមក ទស្សនវិទូ Horacio Villegas បានព្យាករថា សង្គ្រាមលោកលើកទី៣នឹង ត្រូវផ្ទុះឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ខាងមុខ ហើយសង្គ្រាមកើតឡើងដោយសារតែការស្លាប់របស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ។

លោក Horacio Villegas ជាអ្នកតាំង ខ្លួនឯងថា ជាអ្នកនាំសាររបស់ព្រះយេស៊ូ ជឿជាក់ថា សង្គ្រាមសម្លាប់មនុស្សនឹងកើតឡើងនៅពេលដែលគម្រប់ខួប១០០ឆ្នាំ នៃ ព្រះម៉ែ Fatima។

តាមការបញ្ជាក់របស់លោក Horacio Villegas ថាសង្គ្រាមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែឧសភា ខាងមុខ គឺចំថ្ងៃដែលព្រះម៉ែបង្ហាញខ្លួននៅភូមិ Fatima ប្រទេសព័រ ទុយហ្គាល់ឆ្នាំ១៩១៧។

សង្គ្រាមលោកនឹងបំផ្លាញពិភពលោកក្នុងរយៈពេល៦ខែ ដោយសារតែលើកចុងក្រោយដែលព្រះម៉ែបង្ហាញខ្លួននៅក្នុងភូមិ Fatima ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៧ ដោយមានព្រះបន្ទូលថា «សង្គ្រាមជិតបញ្ចប់ ហើយក្រុមទាហាននឹងបានវិលត្រឡប់ទៅផ្ទះវិញ»។

ទ្រឹស្តីរបស់លោក Villegas បានបញ្ជាក់ ថា«សារខាងលើ គឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែដឹង ដើម្បីត្រៀមខ្លួនចាប់ពីថ្ងៃទី ១៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៧ សង្គ្រាមនឹងកើតឡើងដោយបញ្ចប់ទៅជាមួយនឹងមនុស្សស្លាប់អស់ជាច្រើននាក់ និងការបំផ្លាញយ៉ាងច្រើននៅលើភពផែនដីនេះ»។

ប៉ុន្តែលោក Horacio Villegas បញ្ជាក់ ថា ពិភពលោកនឹងត្រូវបានបញ្ឆេះសង្គ្រាម ដោយសារតែ«ទង់ជាតិក្លែងក្លាយ» ជាមួយនឹងសង្គ្រាមកាន់តែខ្លាំងឡើងនៅស៊ីរីចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែ ឧសភា ពេលនោះមេដឹកនាំស៊ីរី អាចរងការ សម្លាប់ ហើយសង្គ្រាមកាន់តែរីកធំឡើង។

ចំណែកនៅក្នុងប្រទេសកូរ៉េខាងជើង វិញក៏ដូចគ្នាដែរ កូរ៉េខាងជើង បានប្រកាសថានឹងមានសង្គ្រាមជាទ្រង់ទ្រាយធំបើ អាមេរិកឌឺដងវាយប្រហារមែននោះ។ ប្រការដែលកូរ៉េខាងជើងនិយាយគឺហ៊ានធ្វើដូចដែលលោក គីម ជុងអ៊ុន ឡើងកាន់ តំណែងបានប៉ុន្មានខែ ក៏បាញ់កាំភ្លើងធំទៅលើកោះរបស់កូរ៉េខាងត្បូងបណ្តាលឲ្យ មានអ្នកស្លាប់៤នាក់។ តែអាមេរិកនិងកូរ៉េខាងត្បូងមិនដែលវាយប្រហារកូរ៉េខាង ជើងឡើយចាប់តាំងពីឆ្នាំ១៩៥៣មក។

លោក Horacio Villegas បញ្ជាក់ ទៀតថា ការវាយប្រហារដោយអាវុធគីមីនៅ ស៊ីរី គឺជាប្រធានបទនិងជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ ជាមួយគ្នានោះ ការ បញ្ជាក់របស់លោក Horacio Villegas ទទួលបានការគាំទ្រពីអ្នកទស្សន៍ទាយជាច្រើនទៀតផងដែរ។

លោក Horacio Villegas បញ្ជាក់ថា «Mabus» (អ្នកប្រឆាំងព្រះមកពីមជ្ឈិម បូព៌ា)សំដៅទៅលើប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ នឹងត្រូវគ្រាប់ហើយស្លាប់នៅខែក្រោយចំណុចទាំងនោះគឺជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣ហើយ។

កន្លងមកអ្នកទស្សន៍ទាយជាច្រើន ក៏ បានលើកឡើងថា សង្គ្រាមលោកលើកទី៣នឹងកើតចេញពីតំបន់មជ្ឈិមបូព៌ាក្នុងរដ្ឋការដែលដឹកនាំដោយលោកប្រធានាធិបតីថ្មីអាមេរិក។ ដូចអ្វីដែលមិត្តអ្នកអានជាច្រើនបានលើកឡើង ក៏ដូចបណ្តាញសង្គមជាច្រើនក៏បានផ្សាយថា សង្គ្រាមលោកនឹង កើតឡើងនៅពេលដ៏ខ្លី ចេញពីស៊ីរី និងកូរ៉េខាងជើងដែលអាចអូសទាញប្រទេសធំៗចូលរួមក្នុងនោះមានរុស្ស៊ី និងចិនជាដើម។

បើទោះបីបែបណាក្តី ពលរដ្ឋនៅជុំវិញ ពិភពលោក បានបន់ស្រន់ កុំឲ្យមានសង្គ្រាម កើតឡើង ព្រោះវាមិននាំមកនូវផលល្អនោះ ឡើយ ក្រៅតែពីវិនាសហិនហោចប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖