ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម ឈប់ លេងឡាន សន្សំលុយទិញផ្ទះវីឡា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រឡូកបន្ថែមជាមួយអាជីពចម្រៀង នាយ ចឺម កាន់តែកាក់កបខ្លាំងជាងមុនដែលមួយខែៗ តារាកំប្លែងវ័យក្មេងរូបនេះ អាចមាន ឱកាសស្វែងរកប្រាក់ចំណូលច្រើនគួរសម ។ ឈប់ដូរសេរីរថយន្តភ្លាម នាយលើកឡើងថា នឹងប្រឹងប្រែងសន្សំលុយកាក់ទិញផ្ទះវីឡារស់នៅនឹងគេ មុនពេលមានភរិយា ។

តារាកំប្លែងវ័យ២១ឆ្នាំ នាយចឺម បានចាកចេញពីស្រុកកំណើត ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ តោងការងារជាមួយនាយក្រូច និងនាងអ៊ីត ជាពូ និងមីង រហូតទទួលបានជោគជ័យខ្លាំង។ ចាប់ផ្តើមានប្រាក់ចំណូលច្រើន នាយបង្ហើបថា ចង់ទិញវីឡាតម្លៃខ្ទង់៣០ម៉ឺនដុល្លារ នាពេលខាងមុខ ។

នាយចឺម បានថ្លែងឲ្យដឹងថា បន្ទាប់ពីអាជីពសិល្បៈបានស្ទុះឡើងខ្លាំងហើយសម្រាប់ឆ្នាំនេះ នាយបានចំណាយ ខ្ទង់៥០០០ដុល្លារ ដើម្បីរៀបចំពិធីខួបកំណើតរបស់ខ្លួនឲ្យអធិកអធម ។ នាយចឺម បន្ថែមថា ថ្ងៃខួបកំណើតកន្លងទៅ ក្រៅពីបួងសួងសុំសេចក្ដីសុខ ក្នុងថ្ងៃខួបកំណើត នាយចឺម បានបង្ហើបឲ្យដឹងថា នាយក៏មានគម្រោងចង់ទិញវីឡា ដ៏ធំស្កឹមស្កៃមួយ នាពេលខាងមុខផងដែរ ។ នាយថ្លែងថា ក្ដីស្រមៃរបស់នាយ គឺចង់មានផ្ទះមួយនៅភ្នំពេញ ហើយក៏ពុំមែនផ្ទះល្វែងដែរ គឺ៣ឆ្នាំទៀត នាយចង់ទិញវីឡាតែម្ដង អាចក្នុងតម្លៃខ្ទង់៣០ម៉ឺនដុល្លារ ។ នាយចឺម បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ក្នុងមួយខែនាយអាចរកចំណូលបានយ៉ាងតិច ២ទៅ៣ពាន់ដុល្លារហើយខែខ្លះ អាចលោតដល់៧០០០ដុល្លារក៏មានដូច្នេះ៣ឆ្នាំទៀតបើនាយប្រឹង សន្សំ នាយនឹងអាចទិញវីឡាបានស្របតាមក្ដីស្រមៃ ខណៈដែលបច្ចុប្បន្ននាយក៏មានដីធ្លី៣ទៅ៤កន្លែងផងដែរ ។ អ្វីដែលពិសេសនាយនឹងផ្អាកការគិតផ្លាស់ប្តូររថយន្តថ្មីដើម្បីសន្សំលុយបង្រ្គប់ក្តីសុបិន្តនេះ ។

នាយ ចឺមរំពឹងដែរថា ក្តីសុបិន្តរបស់នាយនឹងអាចសម្រេចបានមុនពេលសម្រេចចិត្តមានប្រពន្ធ ឬបង្កើតក្រុមគ្រួសារកក់ក្តៅមួយនោះ៕ វឌ្ឍនា


ចែករំលែក៖