ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានអាស៊ានត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្ម និងរចនាឆ្នាំ២០១៧នៅប្រទេសថៃ

ចែករំលែក៖

បាងកក៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះមានអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពីព័រណ៍ស្ថាបត្យកម្ម និងរចនា ឆ្នាំ២០១៧ ឬ ASA Architect And Design Expo 2017 ដែលត្រូវបានរៀបចំធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។ ការអញ្ជើញនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអេស ស៊ី ជីនៃប្រទេសថៃ (Siam Cement PLC) ។

អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន មានកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន បានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃកាលពីថ្ងៃទី២ ខែឧសភា តបតាមការអញ្ជើញរបស់ក្រុមហ៊ុនអេសស៊ីជី នៃប្រទេសថៃ ។

យោងតាមលិខិតអញ្ជើញ ដែលនគរវត្តទទួលបាន បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងអាចមានឱកាសស្វែងយល់អំពីបច្ចេកវិទ្យាស្ថាបត្យកម្ម និងការរចនាចុងក្រោយបង្អស់របស់អេស ស៊ី ជីផងដែរ ។ ក្រុមអ្នកសារព័ត៌មានក្នុងតំបន់អាស៊ានទាំងអស់ ក៏មានឱកាសធ្វើដំណើរទស្សនកិច្ចនៅស្នាក់ការកណ្តាល នៃក្រុមហ៊ុន SCGនាទីក្រុងបាងកក និងមជ្ឈមណ្ឌល Siam Research and Innovation នាខេត្ត សារ៉ាបុរីផងដែរ ។

ក្រៅពីដំណើរទស្សនកិច្ចនៅតំបន់ខាងលើនេះ ក្រុមបណ្តាញសារព័ត៌មានមកពីបណ្តាប្រទេសទាំង៥ ក៏បានរួមគ្នាស្វែងយល់ពីការងារទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកផងដែរ ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបបានបង្ហាញវត្តមានក្នុងឱកាសពិធីព្រឹត្តិការណ៍ពីព័រណ៍ស្ថាបត្យកម្ម និងរចនា ប្រចាំឆ្នាំដ៏ធំនៅព្រះរាជាណាចក្រថៃ ។ អេស ស៊ី ជី (SCG)ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំណង់លំដាប់នាំមុខមួយនៅតំបន់អាស៊ី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកសារព័ត៌មានក្នុងតំបន់ផងដែរ៕ វឌ្ឍនា


ចែករំលែក៖