នៅថ្ងៃទី២ ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ហើយក៏ជាលើកទី៣ ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នា ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។
តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ស្តីអំពីសកម្មភាពបញ្ចប់ ក្រុមភេរវកម្មនៅមជ្ឈិមបូព៌ា និងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នៅក្នុងសេចក្តីប្រកាសសេតវិមានបានបញ្ជាក់ថា «ប្រធានាធិបតីត្រាំ និងលោកពូទីន បានឯកភាពគ្នាថា ពលរដ្ឋស៊ីរីឈឺចាប់យូរពេកហើយ ដល់ពេលដែលធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់» ។
ការជួបពិភាក្សាគ្នាតាមទូរស័ព្ទ គឺជាលើកទីមួយចាប់តាំងពីអាមេរិក បាញ់មីស៊ីលទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ដើម្បីតប់តនឹងការប្រើអាវុធគីមី របស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសា ។ នៅពេលនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីអាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ។
ការសន្ទនាតាមទូរស័ព្ទជាលើកទី៣របស់មេដឹកនាំទំាងពីរ ។ នៅថ្ងៃទី៣ ខែឧសភា លោកត្រាំ ក៏បានទូរស័ព្ទទៅកាន់លោកពូទីន ចូលរួមរំលែកទុក្ខ ដល់ការវាយប្រហារនៅស្ថានីយរថភ្លើងក្នុងទីក្រុង St Petersburg សម្លាប់មនុស្ស ១១នាក់។ ការជួបពិភាក្សាតាមទូរស័ព្ទលើកទីមួយនៅថ្ងៃទី២៨ ខែមករា ពេលលោកត្រាំ ទើបតែចូលកាន់តំណែងប្រធានាធិបតីអាមេរិកបានតែ៨ថ្ងៃប៉ុណ្ណោះ រាល់ការសន្ទនារបស់មេដឹកនាំទាំងពីរ គឺផ្តោតសំខាន់ទៅលើ ការកម្ចាត់ក្រុមភេរវកម្ម នៅក្នុងតំបនមជ្ឈិមបូព៌ា ពិសេសគឺក្រុមភេរវកម្ម IS តែម្តង។
ជំនួបពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ កន្លងទៅមិនបានប៉ុន្មានម៉ោង ក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើ ជំរុំជនភៀសខ្លួននៅក្នុងប្រទេសស៊ីរី សា្លប់៤៥នាក់។ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ ២០១៧ បានឲ្យដឹងថាជនស៊ីវិល ច្រើនជាង ៤០ នាក់ និងក្រុមឧទ្ទាមឃឺដមួយចំនួនទៀត ត្រូវបានក្រុមជ្រុលនិយមរដ្ឋឥស្លាមបើកការវាយប្រហារ និងសម្លាប់នៅ ភាគខាងជើងឈៀងខាងកើត នៃព្រំដែនប្រទេសស៊ីរីជាមួយនឹងអ៊ីរ៉ាក់ ។
គេជឿជាក់ថា ការវាយប្រហាររបស់ក្រុមIS គឺសំដៅទៅលើជំរុំភៀសខ្លួនបណ្តោះអាសន្នរបស់ ប្រជាជនស៊ីរី និង អ៊ីរ៉ាក់ស្ថិតនៅ ក្នុងតំបន់Rajm al-Salibiក្បែរទៅនឹងទីក្រុងShaddadiនៃខេត្តHassakeh។
គួរបញ្ជាក់ថា ក៏មានការប៉ះទង្គិចគ្នាផងដែរ រវាងក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរីជាមួយនឹងក្រុមISផងនៅត្រង់ចំណុច ប៉ុស្តិ៍ ត្រួត ពិនិត្យមុនពេលISវាយចូលទៅដល់ជុំរំភៀសខ្លួននោះ ៕ ម៉ែវ សាធី