ព័ត៌មានទាន់ហេតុការណ៍៖

របួស២៧នាក់ នៅលើយន្តហោះពេលចុះចតនៅក្នុងប្រទេសថៃ

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានអ្នកដំណើរ ២៧នាក់រងរបួសនៅនៅលើយន្តហោះរបស់ក្រុមហ៊ុន Aeroflot ដែលហោះហើរចេញពីទីក្រុងមូស្កូ ទៅកាន់ទីក្រុងបាំងកក់ ប្រទសថៃ កាលពីថ្ងៃទី១ ខែឧសភា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើដោយសារតែយន្តហោះ ហោះចំអាកាសធាតុ អាក្រក់ ។

សារព័ត៌មានCNN បានផ្សាយថា ក្នុងចំណោមអ្នករងរបួសមានជនជាតិរុស្ស៊ី ២៤នាក់ និង ជនជាតិថៃ៣នាក់។ គ្រោះថ្នាក់ខាងលើ កើតឡើង ពេលយន្តហោះត្រៀមចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ទីក្រុងបាំងកក់ ពេលបន្ទាបខ្លួនក៏ចំអាកាសធាតុ ចលាចល( គឺដូចជាខ្យល់កួច) ។

ប្រភ័ពព័ត៌មានពីស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសថៃបានឲ្យដឹងថា «អ្នកដំណើរ ដែលរងរបួសគឺដោយសារតែ មិនដាក់ខ្សែក្រវាត់សុវត្ថិភាព។ អ្នករងរបួសទាំងអស់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ដោយមានរងរបួសផ្សេងៗគ្នា ភាគច្រើនគឺបាក់ឆ្អឹង និងជាំខ្មៅជាដើម ។ អ្នករងរបួសមួយចំនួនត្រូវវះកាត់ ហើយពេលនេះនៅមានអ្នករបួស១៥នាក់ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ប្រភពព័ត៌មាន ពីមន្ត្រីសន្តិសុខថៃបានឲ្យដឹងថា មានអ្នកដំណើរ ៣០នាក់រងរបួសក្នុងនោះមាន៣នាក់ សុំទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផ្សេង ។ ចំណែក២៧នាក់ទៀត បញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ Samitivej Srinakarin ក្នុងក្រុងបាងកក់ ។

ជើងហោះហើរខាងលើមានលេខ SU270របស់ក្រុមហ៊ុន Aeroflot ដែលមានយន្តហោះប្រភេទ Boeing 777 ។ នៅពេលគ្រោះថ្នាក់កើតឡើង នៅលើយន្តហោះមានអ្នកដំណើរដល់ទៅ ៣១៨នាក់ និងក្រុមពហុនិកា ១៤នាក់។ ហេតុការណ៍កើតឡើង មុនពេលចុះចត ៤០នាទី ពេលនោះយន្តហោះស្ថិតនៅលើដែនអាកាសប្រទេសមីយ៉ាន់ម៉ានៅឡើយ៕ ម៉ែវ សាធី


ចែករំលែក៖