ភ្នំពេញ ៖ លោក កើត រឹទ្ធ រដ្ឋលេខាធិ ការក្រសួងយុត្តិធម៌ មានប្រសាសន៍ក្នុងវគ្គឈ្វេងយល់ពិសេស ស្តីពីក្រមនីតិវិធីព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពី រសៀលថ្ងៃទី២ ខែឧសភា នៅទីស្តីការ ក្រសួងយុត្តិធម៌ថាអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ មានសេរីភាពពេញលេញក្នុងការទទួលបានព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាននានាអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច ប៉ុន្តែត្រូវប្រកបដោយក្រមសីលធម៌វិជា្ជជីវៈ និងអនុលោមទៅតាមច្បាប់ដែលបាន កំណត់ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងជំរុញពន្លឿនការអនុម័តច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននាពេលខាងមុខ ។
លោកថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការទទួលស្វែងរក និងផ្សព្វផ្សាយព័ត៌មានពីគ្រប់ទិដ្ឋភាពនានាក្នុង សង្គម ប៉ុន្តែព័ត៌មានទាំងនោះត្រូវឆ្លុះបញ្ចាំងពីការពិតនិងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏ត្រូវអនុលោមទៅតាមច្បាប់ដែលបានកំណត់ផងដែរ។
ប្រសិនបើអ្នកសារព័ត៌មានប្រើប្រាស់ វិធីមិនស្របច្បាប់ ដើម្បីទទួលបានព័ត៌មាន ពិតណាស់បុគ្គលនោះ នឹងត្រូវមានទោស។
លោក កើត រឹទ្ធ បានបញ្ជាក់ទៀតថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅក្នុងការតាមដានព័ត៌មាននានា ហើយវិស័យសារព័ត៌មានមក៏មានសារសំខាន់ណាស់ក្នុងការអប់រំ និងផ្តល់ចំណេះដឹងដល់មនុស្ស ទូទៅក្នុងសង្គមផងដែរ។ ប៉ុន្តែទន្ទឹមគ្នានេះ សារព័ត៌មានក៏អាចធ្វើឲ្យមតិមហាជនមានការភ័ន្តច្រឡំ និងប្រែក្លាយប្រទេសមួយ ដែលមានសុខសន្តិភាពទៅជាប្រទេសដែលអស្ថិរភាពបានដោយសារការផ្តល់ព័ត៌មាន មិនពិតច្បាស់លាស់ ។
ក្នុងឱកាសនោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់គួរតែរក្សាបាននូវភាពត្រឹមត្រូវ ស្មោះត្រង់ចំពោះប្រភពដែលបានផ្តល់ព័ត៌មាន និងជៀសវាងធ្វើអំពើអ្វីដែលមិនគប្បី ដើម្បីបំពេញតែគោលបំណងរបស់ខ្លួននោះ ៕ សហការី