ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌មានផែនការបន្ធូរបន្ថយនិងលើកលែងទោសក្នុងពិធីបុណ្យពិសាខបូជា

ចែករំលែក៖

ភ្នំពេញ ៖ ចំនួនអ្នកទោសដែលត្រូវស្នើ សុំឲ្យលើកលែង ឬបន្ធូរបន្ថយទោស រហូត មកទល់នឹងព្រឹកថ្ងៃទី៣ ខែឧសភាខាង ក្រសួងយុត្តិធម៌មិនទាន់បង្ហាញតួលេខនៅឡើយទេ គ្រាដែលក្រសួងមានផែនការលើក លែង និងបន្ធូបន្ថយទោស ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រាប់នៅរសៀលថ្ងៃទី៣ ឧសភាថា ក្រសួងយុត្តិធម៌នឹងបង្ហាញចំនួន អ្នកទោស ដែលនឹងត្រូវលើកលែង ឬបន្ធូរ បន្ថយទោស ។

លោកបញ្ជាក់ថា ព្រឹកនេះយើងកំពុង បូកសរុបតួលេខចំនួនអ្នកទោស ដែលត្រូវ ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស១៥ ពន្ធនាគាររាជធានី/ខេត្ត និង៤ មណ្ឌលអប់រំ កែប្រែ ។ ប៉ុន្តែលោកមិនទាន់ឲ្យដឹងអ្នក ទោសប៉ុន្មានដែលនឹងត្រូវបន្ធូរបន្ថយ និង លើកលែងទោសនោះទេ ។

គួររំឭកថា ជាទូទៅឲ្យតែដល់ពិធីបុណ្យជាតិធំម្ដងៗ ក្រសួងយុត្តិធម៌តែងតែលើក លែង និងបន្ធូរបន្ថយទោសដល់អ្នកទោសជាច្រើននាក់តាមរយៈការស្នើសុំពីមន្រ្តី ។ ទន្ទឹមនឹងនោះ ក៏មានការរិះគន់ថាក្រសួង យុត្តិធម៌ដោះលែងអ្នកទោសមិនសុក្រឹត ពោលគឺមានការដោះលែងអ្នកទោសថ្នូរនឹងប្រយោជន៍ឬអ្នកទោសជាប់ពន្ធនាគារ ស្រាលៗ មិនត្រូវបានលើកលែងតែអ្នក ទោសជាប់ពន្ធនាគារធ្ងន់ដូចជាជួញដូរ គ្រឿងញៀន ឬបទឧក្រិដ្ឋ និងករណីប្លន់ សម្លាប់ជាដើម បែរជាលើកលែង ។ ចំណុចទាំងនេះធ្វើឲ្យនាយករដ្ឋមន្រ្តីប្រតិកម្មរហូតដាក់កំហិតនិងឲ្យពិនិត្យឡើងវិញផងនៅ ពេលកន្លងទៅ ។

លោក គឹម សន្តិភាព បានបញ្ជាក់តាម​រយៈលិខិតមួយសន្លឹកជាផ្លូវការរបស់ក្រសួងយុត្តិធម៌ថា នៅរសៀលម៉ោង២និង៣០ នាទីថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិពិនិត្យលើបញ្ជីឈ្មោះបន្ធូរបន្ថយ និងលើកលែងទោស​ទណ្ឌិតបានដឹកនំាកិច្ចប្រជុំនៅទីស្តីការ ក្រសួង ដើម្បីពិនិត្យលើសំណើបន្ធូរបន្ថយ ទោស ឬលើកលែងទោសសម្រាប់ទណ្ឌិតក្នុងឱកាសបុណ្យពិសាខបូជាខាងមុខពី ពន្ធនាគាររាជធានី/ខេត្តចំនួន១៥ និង មណ្ឌលអប់រំកែប្រែចំនួន៤ ។

គួរបញ្ជាក់ថា នៅឱកាសបុណ្យចូល ឆ្នាំខ្មែរ កន្លងទៅក្រសួងយុត្តិធម៌បានលើកយកសំណើស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសពីពន្ធនាគារចំនួន១៧ខេត្ត និង មណ្ឌលអប់រំកែប្រែចំនួន៤ ដោយមាន ទណ្ឌិតសរុបចំនួន៣៩១នាក់ (ស្រី២៤ នាក់) ក្នុងចំណោមទណ្ឌិតទំាងនេះ មានទណ្ឌិត៧៧នាក់ស្នើលើកលែងទោស និងជាង៣០០នាក់ទៀតស្នើសុំបន្ធូរបន្ថយទោស​ ។ ប៉ុន្តែក្រោយពិភាក្សារួចក្រសួង សម្រេចលើកលែងទោសទណ្ឌិតចំនួន ៤នាក់និងបន្ធូរបន្ថយទោសចំនួន៧១នាក់ ។

បើតាមលោក គឹម សន្តិភាព បានលើក ឡើងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះគណៈកម្មការជាតិ បានពិនិត្យពិចារណាយ៉ាងតឹងរ៉ឹងលើករណីចំនួនពីរគឺទី១ ទាក់ទងនិងផ្នែកច្បាប់ដែលជាប់ពាក់ព័ន្ធនឹងការអប់រំកែប្រែនៅក្នុងពន្ធនាគាររបស់ទណ្ឌិតនិងទី២ការទទួលទោសនៅក្នុងពន្ធនាគារ ។

ទណ្ឌិតត្រូវបានអប់រំកែប្រែខ្លួននិងអនុវត្តទោស១ភាគ៣ នោះអាចទទួលបានបន្ធូរ​បន្ថយទោស នឹងទណ្ឌិតដែលអនុវត្តទោស បាន២ភាគ៣ និងបានលើកលែងទោស ។ ប៉ុន្តែលក្ខណៈផ្លូវច្បាប់ដែលសំខាន់នោះ គឺទណ្ឌិតត្រូវមានសាលក្រមជាស្ថាពរពី តុលាការ ។ ក្នុងនោះក៏មានការពាក់ព័ន្ធនឹងអង្គហេតុនីមួយៗនៃសំណុំរឿងរបស់ ទណ្ឌិតផង ។

នៅក្នុងប្រទេសកម្ពុជាការបន្ធូរបន្ថយនិងលើកលែងទោសដល់អ្នកទោសបានធ្វើឡើងចំនួន៣លើកគឺថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរបុណ្យពិសាខបូជា និង បុណ្យអុំទូក ៕ សហការី


ចែករំលែក៖