ភ្នំពេញ ៖ សេវាដឹកជញ្ជូនរថយន្តក្រុងចំនួន៥ខ្សែទៀត រដ្ឋបាលរាជធានីនឹង សម្រេចឲ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០១៧នេះ ស្របពេលដែលនៅក្នុង រាជធានីភ្នំពេញមានខ្សែរថយន្តក្រុងចំនួន៣ខ្សែស្មើនឹង៥៧គ្រឿងបាននឹងកំពុងដំណើរការយ៉ាងមមាញឹកទៅហើយនោះ ។
មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹង ថា ការបន្ថែមខ្សែរត់របស់រថយន្តក្រុងនេះ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈ កម្មការអាជីវកម្មរដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការ សម្រេចដំឡើងសេវារថ យន្តក្រុងសាធារណៈ ចំនួន៥ខ្សែបន្ថែមនេះ គឺបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិននឹងបញ្ជូនរថយន្តក្រុងចំនួន១០០គ្រឿងមកឲ្យសាលារាជធានីភ្នំពេញនៅក្នុងអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ ២០១៧នេះ។
លោកបញ្ជាក់ថា តាមផែនការប្រព័ន្ធផ្លូវរត់ទាំង៥ខ្សែនេះ គឺទី១ ចេញដំណើរពីផ្សារ ធំថ្មី ដល់តំបន់សេដ្ឋកិច្ចពិសេស ទី២ ចេញ ដំណើរពីគល់ស្ពានព្រះមុនីវង្ស ដល់ស្ពាន ព្រែកព្នៅ ទី៣ ចេញពីចំណតរថយន្តព្រែក លៀបដល់ផ្សារសេនជូរីផ្លាហ្សា ទី៤ចេញពីគល់ស្ពានព្រះមុនីវង្សដល់ វត្តស្លែង និង ទី៥ចេញពីរង្វង់មូលកួចកាណុងដល់ស្ពាន ព្រះមុនីវង្ស ។
លោកបន្ថែមថា សេវាដឹកជញ្ជូនទាំង ៥ខ្សែនេះ ត្រូវប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង និងមានចំណតរង់ចាំចំនួន ៣៦០ចំណតនិងស្ថានីយចំណតចំនួន១០កន្លែង ។
ការសម្រេចជ្រើសរើសយកផ្លូវសំខាន់ៗទាំង៥ខ្សែនេះ គឺយោងតាមការសិក្សា របស់អង្គការចៃកាដោយមានចំនួនពលរដ្ឋ រស់នៅច្រើនមានគ្រឹះស្ថានសាធារណៈ របស់រដ្ឋ និងឯកជនរោងចក្របូរី សាលា រៀន មន្ទីរពេទ្យ និងផ្សារជាដើមត្រូវការធ្វើ ដំណើរឆ្លងកាត់ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានគាំទ្រចំពោះគម្រោងពង្រីកសេវាដឹកជញ្ជូននេះ ប៉ុន្តែស្នើឲ្យមានភាគីពាក់ព័ន្ធសិក្សាឲ្យបានស៊ីជម្រៅនឹងមានលក្ខណៈសមស្របរវាងផ្លូវរត់និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា ប្រសិនបើការពង្រីកខ្សែរត់នៅពុំត្រូវតាមស្ថានភាពរបស់ប្រជាពលរដ្ឋនោះ នឹងធ្វើឲ្យគម្រោងនេះមិនទទួលបានជោគជ័យឡើយ ពោលគឺគ្មានអ្នកជិះហើយរដ្ឋនឹងខាតបង់ថវិកាកាន់តែច្រើន។
សូមជម្រាបថារហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញមានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែដែលកំពុងដាក់ឲ្យដំណើរការសាកល្បងក្នុងនោះខ្សែរត់ទី១ចេញពីម្តុំប្ញស្សីកែវត្រង់ គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២ ចេញពីផ្សាររាត្រីទៅដល់ក្រុងតា ខ្មៅខេត្តកណ្តាល និងខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅផ្លូវកម្ពុជាក្រោម សំដៅទៅ រង្វង់មូលចោមចៅទើបត្រឡប់មកវិញ ។
ការពង្រីកសេវារថយន្តក្រុងសាធារណៈ របស់រដ្ឋនេះបានធ្វើឡើងដើម្បីជំរុញឲ្យ ប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយដឹក ជញ្ជូនរួមហើយកាត់បន្ថយកំណើននៃការ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវក្នុងរាជធានី ៕ សហការី