ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះរំដោះសត្វសារិកាកែវជិត១ពាន់ក្បាលដែលឈ្មួញបម្រុងដឹកយកទៅលក់នៅវៀតណាម

ចែករំលែក៖

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះ​ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានឆ្មក់បង្ក្រាបឈ្មួញស្តុកទុកសត្វសារិកាកែវជិត១ពាន់ក្បាលដែលឈ្មួញបម្រុងនាំទៅកាន់ប្រទេសវៀតណាម ។

ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែឧសភា នៅភូមិព្រែកម៉ាន់ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

អភិបាលរងស្រុកចិត្របុរីលោក អួង សម្បត្តិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឈ្មួញរកស៊ីសត្វស្លាបខាងលើនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទុក វិនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះដោយមានកម្លាំងសមត្ថកិច្ច ចម្រុះ និងមានការចូលរួមពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតផងដែរ ។

លោកបានបន្តថា នៅពេលចុះបង្ក្រាបសមត្ថកិច្ចបានរកឃើញសត្វសារិកាកែវ ប្រមាណជិត១ពាន់ក្បាលដែលឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសជិតខាង។

ដោយឡែកលោក អុីវ ហាក់នាង នាយរងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបានឲ្យ ដឹងថា សត្វសារិកាកែវដែលបានរកឃើញ នេះនឹងរឹបអូសយកទៅលែងក្រោយពីធ្វើ កំណត់ហេតុ។ លោកបានបន្តថា ម្ចាស់ សត្វសារិកាកែវដែលជាឈ្មួញរកស៊ីខុស ច្បាប់នេះត្រូវបានគេស្គាល់ឈ្មោះ ពក ណេង ភេទប្រុស រស់នៅភូមិកើតហេតុ ហើយបានរត់គេចខ្លួននៅពេលសមត្ថកិច្ចចម្រុះចុះមកបង្ក្រាប ។

គួរបញ្ជាក់ថា ករណីឈ្មួញរកស៊ីលក់ សត្វស្លាបប្រភេទសត្វសារិកាកែវនេះគឺ សមត្ថកិច្ចកម្របង្ក្រាបបានខ្លាំងណាស់ ខណៈដែលសត្វស្លាបប្រភេទមួយនេះជិតផុតពូជទៅហើយ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅភូមិ ខាងលើកឲ្យដឹងថា ករណីឈ្មួញរកស៊ីសត្វស្លាបកម្រនេះបានកើតឡើងយូរមកហើយៗ មិនមែនតែសត្វស្លាបប៉ុណ្ណោះទេ នៅមានសត្វព្រៃច្រើនមុខទៀតដែលឈ្មួញខាងលើនេះលួចដឹកជញ្ជូនទៅលក់នៅតាម ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេសជិតខាង។ ដូច្នេះសមត្ថកិច្ចត្រូវតែតាមចាប់ខ្លួនមេឈ្មួញរកស៊ីសត្វព្រៃខាងលើនេះដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបានជា ប្រយោជន៍ដើម្បីអភិរក្សសត្វព្រៃនៅក្នុង ប្រទេសកម្ពុជា ជាពិសេសនៅខេត្តក្រចេះ តែម្តង ៕ សហការី


ចែករំលែក៖