ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចប៉ះចំរថយន្តបំពាក់ប្រព័ន្ធ GPS ​ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចរថយន្តម្នាក់​ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តប៉ះចំរថយន្តបំពាក់ប្រព័ន្ធ GPS និងក្រោយពីម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចនៅពេលដែលសញ្ញាប្រព័ន្ធ GPS បង្ហាញរថយន្តរបស់ខ្លួន ។

ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៧ នៅភូមិសាស្ត្រឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះសួរ ស៊ុយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា នៅមុន ពេលចាប់ខ្លួនជនសង្ស័យខាងលើនេះនៅវេលាម៉ោង៨ព្រឹកម្ចាស់រថយន្តឈ្មោះ ហួន សុភារុណ ភេទប្រុស អាយុ៣២ឆ្នាំ មាន ទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញបានដាក់ ពាក្យបណ្ដឹងចូលមកនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្រាដែលម្ចាស់រថយន្តនេះបាន បាត់រថយន្ត ហើយរថយន្តបានបង្ហាញពី ប្រព័ន្ធ GPS ។ បន្ទាប់ពីម្ចាស់រថយន្តប្ដឹងពីករណីនេះសមត្ថកិច្ចក៏បានចេញប្រតិបត្តិការ ពួនស្ទាក់រហូតដល់ម៉ោង៩និង១០នាទីព្រឹក ថ្ងៃដដែលក៏ឃាត់និងចាប់ខ្លួនជនសង្ស័យបានតែម្តងនៅភូមិសាស្ត្រឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ម្ចាស់រថយន្តបានបញ្ជាក់ថា រថយន្ត របស់ខ្លួនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មុន ពេលបាត់ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3428 តែក្រោយពីជនសង្ស័យបានលួច បាត់ចន្លោះម៉ោង១រំលងអធ្រាត្រត្រូវបាន ជនសង្ស័យដោះដូរលេខថ្មីដែលមានស្លាកលេខភ្នំពេញ2Q-9176 ជំនួសវិញដែលនេះជាការបំភាន់ភ្នែកសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរ បាលស្រុកថ្ពងបញ្ជូនទៅការិយាល័យព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖