ព័ត៌មានទាន់ហេតុការណ៍៖

អ៊ិន សុភិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តដែល ប៉ែន ចំរុង សម្តែងជាតួឯក

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តរឿង “អាមោក លក់ម៉ាំ” ដែលផលិតកម្មមហាហង្សផលិតទុកចោលអស់រយៈពេលជាយូមកហើយនោះនឹងត្រូវដាក់បញ្ចាំងជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ។ ការផ្អាកចាក់បញ្ចាំង គឺស្របពេលដែលកន្លងមកចាងហ្វាង ផលិតកម្មខាងលើគឺលោក អ៊ិន សុភិន មានបញ្ហាខ្លាំងជាមួយលោក ប៉ែន ចំរ៉ុង កាលពីជាងមួយឆ្នាំមុន។

ភាពយន្តដែលសម្ដែងដោយ ប៉ែន ចំរុ៉ង គឺរឿង “អាមោកលក់ម៉ាំ” នឹងចាក់បញ្ចាំង បន្ទាប់ពីរឿងអាស្រូវរបស់ ប៉ែន ចំរុ៉ង ជា មួយអ្នកនាងភិន សុលីស បានស្ងប់ស្ងាត់ និងលែងលះគ្នារួចរាល់។ លោកអុីន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និយាយ​ថា ការសម្រេចដាក់បញ្ចាំងរឿងនេះគឺគ្មានអ្វីពាក់ព័ន្ធជាមួយលោក ប៉ែន ចំរុ៉ង ដែល​ជាអតីតស្វាមីកូនស្រីរបស់លោកទេ គឺ​ផលិត​កម្ម សម្រេចចាក់បញ្ចាំងព្រោះរឿងនេះផលិតចប់យូរណាស់មកហើយ។​លោកបានបញ្ជាក់ថា “ខ្ញុំគិតថា វាជារឿង​ផ្សេងគ្នាភាពយឺតយាវក្នុងការចាក់បញ្ចាំងរឿងនេះ ព្រោះតែមានភាពរអាក់រអួល ខ្លះៗរបស់ផលិតកម្ម និងគ្មានពេល​គ្រប់​គ្រាន់។ ម្យ៉ាងណាយើង​រវល់​តែផ្ដោត​លើ​រឿង​ភាគ ហើយរោងកុនគ្មានម៉ោងឱ្យយើង ទើបយើងពន្យារដល់ពេលនេះ”។

បើទោះជាលោក ប៉ែន ចំរុ៉ង លែងលះ​ជាមួយកូនស្រីរបស់ខ្លួនក្ដី លោក អុីន សុភិន នៅតែអះអាងថា ខ្សែភាពយន្ត នេះនឹងមិនប៉ះពាល់ដល់ទីផ្សារអ្នកទស្សនានោះទេ ហើយលោកជឿជាក់ថា ខ្សែភាពយន្តសម្រិតសម្រាំងនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។ផលិតកររូបនេះមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា តើ លោក ប៉ែន ចំរុ៉ង ដែលជាតួឯកក្នុង​រឿង “អាមោកលក់ម៉ាំ” នឹងចូលរួមសម្ពោធភាពយន្តនេះនៅក្រោយពិធីចូលឆ្នាំប្រពៃណី​ រ​ួចនៅឡើយទេ ដោយរង់ចាំមើលពេល​វេលាសិន។

ខ្សែភាពយន្តរឿង “អាមោកលក់ម៉ាំ” ជា​ស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម មហា​ហង្ស​​ ដែលសម្ដែងដោយលោក ប៉ែន ចំរុ៉ង និងកញ្ញា ជីជី។ យ៉ាងណាខ្សែភាពយន្តនេះ​បានផ្អឹបទុកមួយរយៈបន្ទាប់ពី ប៉ែន ចំរុ៉ង និង ភិន សុដាលីស ដាក់ពាក្យលែងលះគ្នា ហើយទើបសម្រេចប្រកាសចាក់បញ្ចាំង​នាពេលនេះ ក្រោយបញ្ហានេះបានស្ងប់​ស្ងាត់មួយរយៈធំ៕ វឌ្ឍនា


ចែករំលែក៖