ព័ត៌មានទាន់ហេតុការណ៍៖

កាប់គេហើយរត់គេចបាន២ថ្ងៃត្រូវសមត្ថកិច្ចតាមក្របួចជាប់យកមកផ្តន្ទាទោស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្ទាវឈាមរាវម្នាក់ ដែលបានបង្កអំពើហិង្សាលើអ្នកដទៃ ហើយរត់គេចខ្លួននោះ ពេលនេះត្រូវបានសមត្ថកិច្ចតាមក្របួចយកមកផ្តន្ទាទោស ខណៈជនរងគ្រោះកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ។

នគរបាលស្រុកឧដុង្គបានប្រាប់ថា កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២២និង៣០នាទី មានករណីហិង្សាដោយចេតនា នៅចំណុចផ្ទះការរបស់ឈ្មោះ ចន វៃ ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនបង្កឈ្មោះ សៅ រ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងបក្ខពួក បានយកកាំបិតបុ័ងតោ កាប់លើ ជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យដាច់ម្រាមដៃ និងរយៈក្បាលធ្ងន់ ។

ក្រោយបង្ក ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ ។

ជនរងគ្រោះទាំង២រួមមាន៖ ១_ឈ្មោះ យន យ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ របួសដាច់ម្រាមដៃខាងឆ្វេង និងស្មាខាងស្តាំ ។ ២_ឈ្មោះ ភី សុខ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃតាជ័យ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ របួសចំពីលើក្បាល ។

ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីបន្តនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕ សេនាស័ក្តិ


ចែករំលែក៖