ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នឹងចូលរោងការជាផ្លូវការជាមួយកូនស្រីអ្នកជំនួញម្នាក់នៅខេត្តកំពង់ចាម នាថ្ងៃទី២១ ខែឧសភានេះ។ អ្នកសិល្បៈមិនច្រើនទេ ដែលនឹងបង្ហាញវត្តមានក្នុងពិធីមង្គលការតារាចម្រៀងរូបនេះ ។
លោកឆាយវិរ:យុទ្ធ ហាក់មិនចង់ទម្លាយអំពីថ្ងៃ ដែលលោកនឹងចូលរោងការជាមួយកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវសំបូរទ្រព្យនៅខេត្តកំពង់ចាមនោះទេ ដោយលោកបញ្ជាក់ថា សុំលាក់សិន ហើយនឹងបញ្ជាក់នៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណាមានសិល្បករ និងអ្នកផលិតកម្មវិធីមួយចំនួនត្រូវបានអញ្ជើញរួចហើយដែលសូម្បីតែសម្អាងការក៏ជួលរួចរាល់ដែរគឺ របស់អ្នកនាងខាត់ សុឃីម ។ អ្នកសិល្បៈម្នាក់ ទម្លាយថា លោក ឆាយ វីរៈយុទ្ធ ពិតជារៀបមង្គលការនៅថ្ងៃទី២១ ខែឧសភានេះមែន ប៉ុន្តែ នឹងមិនមានវត្តមានតារាចម្រៀងរួមដំបូលទាំងអស់នោះទេ ។ ប្រភពបងន្តថា មិនមានអ្វីដែលចម្លែកទេ ដែលតារាចម្រៀងរូបនេះលាក់បាំងថ្ងៃមង្គលការ បើទោះបីជាថ្ងៃនេះខិតជិតមកដល់ក្តី ។ មានការលើកឡើងដែរថា មង្គលការរបស់លោកត្រូវគេដឹងថា គ្រោងចំណាយខ្ទង់ម៉ឺនដុល្លារ ដោយមានការរៀបចំពីក្រុមការងារពិធីការ និងសម្អាងការរបស់ក្រុមត្រកូលខាត់ជាអ្នករៀបចំ ។
អ្នកនាងខាត់ សុឃីម ទទួលស្គាល់ថាលោក ឆាយ វីរៈយុទ្ធពិតជាចូលរោងការថ្ងៃទី២០ នេះមែន និងបន្តរៀបចំពិធីបន្តនានា និងទទួលភ្ញៀបកិត្តិយសនៅថ្ងៃទី២១ ខែឧសភានេះ ។ នាងថា មានពិធីតាមប្រពៃណីទំនៀមទម្លាប់មួយចំនួនត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃចូលរោងការបូករួមទាំងពិធី ធ្វើពិធីបុកលក្ខណ៍ និងកាត់ខាន់ស្លាជាដើម ៕ វឌ្ឍនា