ព័ត៌មានទាន់ហេតុការណ៍៖

ត្អូញអត់ស្រួលខ្លួនអ្នកជិតខាងហៅកោសខ្យល់មិនព្រម ព្រឹកឡើងដេកស្លាប់នៅក្នុងបន្ទប់

ចែករំលែក៖

ខេត្តកណ្តាលៈ នារីម្នាក់ជាកម្មការីនីរោងចក្រកាត់ដេរតៃយាងត្អូញអត់ស្រួលខ្លួនអ្នកជិតខាងហៅកោសខ្យល់មិនព្រមឲ្យកោស លុះព្រឹមឡើងដេកស្លាប់នៅក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង០៧ និង១០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ផ្ទះជួលជាន់ខាងលើ ស្ថិតក្នុងភូមិត្នោតដើម ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ វ៉ិត ភក្តី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រតៃយាង បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលខាងលើ និង​មាន​ស្រុកកំណើតនៅភូមិដំបូកមានលក្ខ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

តាមការបំភ្លឺពីឈ្មោះ វ៉ិត រ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រតៃយាង ដែលត្រូវជាបងស្រីជនរងគ្រោះបានឲ្យដឹងថា ប្អូនរបស់គាត់មានជំងឺខ្វះគ្រាប់ឈាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបានដេកបន្ទប់ជួលលេខ០៧ពីរនាក់ខ្លួនជាបងស្រី​។ លុះវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៧ ខែឆ្នាំដដែលជនរងគ្រោះបានក្រោកទៅដេកជាមួយអ្នកជិត​ខាងដែលស្នាក់នៅផ្ទះជួលជាមួយគ្នា ។ ពេលទៅដល់ជនរងគ្រោះបាននិយាយត្អូញត្អែរប្រាប់ថា​ អត់ស្រួលខ្លួន ភ្លាមៗនោះអ្នកជិតខាងបានហៅកោសខ្យល់តែជនរងគ្រោះមិនព្រម បានត្រឹមតែលាបប្រេងកូឡារួចដេកបាត់ទៅ ។ លុះដល់វេលាព្រឹកថ្ងៃដដែលមិនឃើញជនរងគ្រោះ​ក្រោក អ្នកជិតខាងបានចូលទៅដាស់ ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ​។

សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកអង្គស្នួលបញ្ជាក់ថា ជនរងគ្រោះ​ស្លាប់ដោយសារខ្យល់គ មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ៕ស្អាងជ័យ


ចែករំលែក៖