ខេត្តស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស។
ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ សែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា៖ ចំពោះបញ្ហាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋានគឺកម្លាំងអាវុធហត្ថបានចូលរួមយ៉ាងសកម្មការពារជូនប្រជាពលរដ្ឋអនុវត្តតាមផែនការថ្នាក់ដឹកនាំទទួលបានលទ្ធផលធំធេងផងដែរ។ ក្រៅពីការងារខាងលើអង្គភាពអាវុធហត្ថខេត្តក៏បន្តយន្តការការងារគ្រប់គ្រងបញ្ជា និងបញ្ជាការងារសន្តិសុខ។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំដោយលោក សែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលទទួលបានលទ្ធផលការងារវិជ្ជមានប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានមានប្រសាសន៍ជម្រុញអោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ យកចិត្តទុកដាក់លើបញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយះការទប់ស្កាត់តាមច្រកព្រំដែន បើទោះជាខេត្តស្វាយរៀងមិនមានព្រៃសម្បទាន តែឈើមួយចំនួនត្រូវបានដឹកឆ្លងកាត់ដូច្នេះត្រូវគិតគូរក្នុងបញ្ហានេះ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះអោយបានជាប្រចាំ ទន្ទឹមនិងមានភារកិច្ចទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ ពិសេសពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដើម្បីធានាអោយបាននូវស្ថេរភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេស៕ សុខ ខេមរា