ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា គេឃើញក្រុមមន្រ្តីបរិស្ថានចាប់រថយន្តដំរីទឹកដឹកឈើ ១ដើមធំ រួមទាំងវត្ថុតាងផ្សេងៗ ដូចជារណាយន្តសម្រាប់អារច្រៀកឈើជាដើម ប៉ុន្តែការចាប់រថយន្តខាងលើ ហាក់បីជានៅមានអាថ៌កំបាំងច្រើន ខណៈគេដឹងថា តំបន់នោះពោរពេញទៅបទល្មើសកាប់អារច្រៀក និងដឹកជញ្ជូនឈើគ្រប់ប្រភេទ ។
ប្រភពរាយការណ៍ខាងលើបន្តថា ការចាប់រថយន្តដំរីទឹកដឹកឈើ ១ដើមធំនេះ នៅចំណុចក្នុងព្រៃ ខណៈដែលរថយន្តកំពុងដឹងឈើ បើកត្រឡប់ចេញពីព្រៃ លុះមកដល់ចំណុចត្រពងពង់ ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ត្រូវក្រុមការងារមន្រ្តីបរិស្ថាននៅទីនោះចាប់ឃាត់ទុកតែម្តង ហើយរថយន្តដំរីទឹកដឹកឈើនោះ ជាប្រភេទឈើហុប ដែលគេអារឡាំងជា ៨ជ្រុង ឈើ(រាជកុល)ចំនួន ០១ដើម មុខកាត់អង្កត់ផ្ចិតទំហំ ០,៧០ម៉ែត្រ មានប្រវែង ១០ម៉ែត្រ ស្មើនឹងជាង ៥ម៉ែត្រត្រីគុណ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ឈើហុប ១ដើមធំដែលគេអារឡាំងជា ៨ជ្រុងនេះ ជាឈើរបស់ឈ្មួញម្នាក់ឈ្មោះ ហ៊ុំ ហយ ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាឈ្មួញបំផ្លាញព្រៃឈើដ៏ធំមហាសាល មិនត្រឹមតែនៅខេត្តពោធិ៍សាត់នោះទេ គឺទូទាំងប្រទេសកម្ពុជាតែម្តង ដោយគាត់ភាគច្រើនជ្រកក្រោមស្លាកយីហោរបស់ក្រុមហ៊ុនលោក ឧកញ៉ាទ្រីភាព។
ប្រភពរាយការណ៍បញ្ជាក់បន្ថែមបន្តទៀតថា ការបង្រ្កាបរថន្តដំរីទឹកដឹកឈើហុបអារឡាំង ៨ជ្រុងចំនួន ០១ដើមធំខាងលើ មន្រ្តីជំនាញបរិស្ថានកំពុងបន្តនីតិវិធីនៅឡើយ។
ដោយឡែក៖ អ្នកសារព័ត៌មាន ពុំអាចស្វែងរកសុំការពន្យល់បន្ថែមឲ្យបានច្បាស់លាស់នោះទេ ជុំវិញបញ្ហាប្រភពលើកឡើងទាំងអស់ខាងលើ ពីឈ្មួញឈ្មោះ ហ៊ុំ ហយ ៕ ប៉ឹម ពិន