ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកម្មករយាមដី៧នាក់ កំពុងដេកស្រាប់តែក្រុមសមត្ថកិច្ចចូលទៅចាប់ឆៅៗតែម្តង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ កម្មករយាមដីចំនួន ៧នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅស្នង ការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយ មិនមានមូលហេតុច្បាស់លាស់នៅឡើយ។

គ្រួសារកម្មករស៊ីឈ្នួលមើលដីឲ្យគេទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនតាមពេល វេលាខាងលើបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងពីជោគវាសនាក្រុមគ្រួសារពួកគាត់ដែលត្រូវបាននគរបាលឃាត់ខ្លួនយកទៅឃុំឃាំងមិនដឹងថាតើត្រូវជាប់គុកប៉ុន្មានឆ្នាំ ? ហើយ ពួកគាត់ដាក់ជាសំណួរថា តើប្តីនិងកូនចៅ របស់ពួកគាត់ខុសអ្វី គ្រាន់តែប្រកបរបរសុី ឈ្នួលមើលដីគេប៉ុណ្ណោះ ?

ប្រភពដដែលបានបន្តថា ការចាប់ប្តីនិងកូនចៅគាត់ទាំងកណ្តាលអធ្រាត្រ ដោយពុំបានបង្ហាញពីដីកាបង្គាប់របស់តុលាការ និងតំណាងអយ្យការណាម្នាក់ចេញមុខមកប្រាប់ពីបទល្មើស ពួកគាត់នោះទេស្រាប់តែកំពុងដេកលង់លក់ គេមកភ្ជង់ហៅងើប ឡើងចាប់ចង ខ្លះវាយខ្នោះដៃ ដូចចោរ ប្លន់អ៊ីចឹង ។ បន្ទាប់ពីចាប់ចងវាយខ្នោះ ដៃអស់ហើយ តំណាងក្រុមហ៊ុនចិននិង សមត្ថកិច្ចនគរបាលបានដកបង្គោលព្រំដី និងរោងសម្រាប់កម្មករដេកយាមដីបំផ្លាញចោលអស់ដើម្បីបំបាត់ភស្តុតាង ។

ប្រភពខាងលើបានបន្តថា សម័យនេះ ហើយជាសម័យអ្វី បានជាចាប់ក្រុមគ្រួសារពួកគាត់ទាំងកំរោលអ៊ីចឹង អាស្រ័យហេតុនេះពួកគាត់សូមអំពាវនាវដល់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តា ជួយអន្តរាគមន៍ដល់កូនចៅផង បើ មិនដូច្នេះទេកូនចៅរបស់គាត់ត្រូវប្រឈមទៅនឹងដាចបាយហូបនិងបាត់បង់ការសិក្សាថែមទៀតផង ។

ទាក់ទិននឹងការចាប់ខ្លួនកម្មករទាំង៧នាក់ខាងលើត្រូវបានលោកស្រី លី សុខងីម ភាគីម្ចាស់ដីយល់ថាជាទង្វើខឹងគោវាយ រទេះ ដើម្បីគំរាមមកលើរូបគាត់ក្នុងការ តវ៉ា រឿងដីធ្លីរបស់គាត់ដែលក្រុមហ៊ុនចិន កំពុងឈូសឆាយ រំលោភបំពាននិងអនុវត្តខុសពីនីតិវិធី ដោយហេតុថាអាជ្ញាធរបានប្រើប្រាស់អំណាចសមត្ថកិច្ចទៅចាប់ មនុស្សវាយខ្នោះ ទាំងកណ្តាលយប់ដូចជាពលរដ្ឋខាងលើមានទោសព្រហ្មទណ្ឌ និងបណ្តែតបណ្តោយឲ្យតំណាងក្រុមហ៊ុនចិន វាយទាត់ធាក់មកលើកម្មករថែមទៀត ។

លោកស្រី លី សុខងីម បានបន្តថា ក្រោយពីទទួលដំណឹងថាក្រុមហ៊ុនចិន បានប្រើប្រាស់គ្រឿងចក្រចាក់ដីរំលោភ ចូលលើដីរបស់គាត់ហើយគាត់ ក៏បាន ជួបជាមួយតំណាងក្រុមហ៊ុនចិននោះ ដោយបានពិភាក្សាគ្នានិងប្រគល់ឯកសារពាក់ព័ន្ធដីធ្លីថតចម្លងមួយចំនួនឲ្យភាគីក្រុមហ៊ុនចិនបានពិនិត្យមើលផងដែរ។ ពេលនោះ តំណាងភាគីខាងក្រុមហ៊ុនចិនក៏ដកគ្រឿងចក្រចេញអស់និងមានការឯកភាពគ្នាឲ្យបោះបង្គោលកំណត់ព្រំដី ហើយគាត់បានជួលកម្មករមកដាំបង្គោលរបងទុកជាចំណាំដើម្បីជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនចិននៅរសៀលថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៧នេះតាមការព្រមព្រៀងគ្នាខាងលើ ។

ក្រោយពីមានការពិភាក្សារួចរាល់ហើយ គាត់បានឲ្យបងប្អូនកម្មករខាងលើដេកចាំ អ៊ីវ៉ាន់ ស្រាប់តែមាននគរបាលមួយក្រុមធំដឹកនាំដោយលោក ស៊្រុន ស៊្រន់ អភិបាលរង ខេត្ត លោកវរសេនីយ៍ឯក អ៊ី សុខាស្នងការ រងទទួលផែនសណ្តាប់ធ្នាប់ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុចុះទៅចាប់ខ្លួនកម្មកររបស់គាត់មកដាក់ទ្រុងឃុំខ្លួនទាំងកណ្តាលអធ្រាត្រ ។

លោកស្រី លី សុខងីម បាននិយាយត្រង់ៗ ថាទង្វើរបស់សមត្ថកិច្ចដែនដីខេត្តព្រះ សីហនុពេលនេះបានស្តែងចេញនូវសកម្ម ភាពឃោរឃៅ អសីលធម៌លើរាស្រ្តស្លូត ត្រង់យ៉ាងពិតប្រាកដ ហើយក៏កំពុងអនុវត្តន៍ផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាផងដែរ ។

លោកស្រី លី សុខងីម ភាគីម្ចាស់ដី បានអះអាងថា លោកស្រីមានឯកសារពាក់ព័ន្ធដីធ្លីនេះគ្រប់គ្រាន់តាមផ្លូវច្បាប់និងសាក្សី អ្នកលក់អ្នកទិញរួមទាំងអាជ្ញាធរដែនដីទៀត ផងមិនមែនចេះតែដើរចង្អុលផ្តេសផ្តាស នោះទេ ។ ហេតុនេះគាត់ស្នើសុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ គិតគូរឡើងវិញផង កុំ សម្លាប់ខ្មែរ ព្រោះតែជនបរទេសនោះ ។

លោកស្រីបញ្ជាក់ដែរថាទីតាំងដីជម្លោះ នោះស្ថិតនៅចំណុចខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំ ១១៣.៩០៧ម៉ែត្រការ៉េ ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នង ការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ការឃាត់ខ្លួនមនុស្សខាងលើត្រូវបានធ្វើឡើងទៅតាមការស្នើសុំជួយអន្តរាគមន៍ របស់គណៈបញ្ជាកាឯកភាពខេត្តនិងមានការសម្របសម្រួលពីលោកស្រីអយ្យការ អមសាលាដំបូងខេត្តនិងធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនចិនក្នុង តំបន់សេដ្ឋកិច្ចពិសេសឈ្មោះ CAO JIAN JIAN ភេទប្រុស ជាជនជាតិចិនដែលបានចោទប្រកាន់ថាពលរដ្ឋខាងលើបានចូលទៅបោះបង្គោលរំលោភយកដីកម្មសិទ្ធិដោយសុចរិតរបស់ក្រុមហ៊ុន។

ដោយឡែកលោក ស៊្រន់ ស៊្រន់អភិបាលរងខេត្តបានឲ្យដឹងថាបន្ទាប់ពីទទួលបានសេចក្តីរាយកាណ៍មកពីក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើថាមានប្រជាពលរដ្ឋចូលទៅធ្វើសកម្មភាពបោះបង្គោលព័ទ្ធយកដីក្នុងទីតាំងវិនិយោគខាងលើលោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅទប់ស្កាត់សកម្មភាពខាងលើនិងឃាត់ខ្លួនមនុស្សបញ្ជូនមកឲ្យសមត្ថកិច្ចសាកសួរនិងបន្តរកដំណោះស្រាយទៅតាមនិតិវិធី ៕ ហេង សូរិយា


ចែករំលែក៖