ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង១៣លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជាអធិបតី​ក្នុងពិធីប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់សកម្ម ភាពការងារមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុម ហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កង នគរបាលជាតិ កងរាជអាវុធហត្ថ សាខា កាកបាទក្រហមកម្ពុជារាជធានី-ខេត្តទាំង ២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាង សកម្មពុះពាររាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជា ពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះ មហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬតំបន់ឆ្ងាយ ដាច់ស្រយាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាខេត្តនានា ។

ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហព័ន្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់ការគាំទ្រផ្នែក បច្ចេកទេស សម្ភារ ថវិកា និងពង្រឹងភាពជា ដៃគូជាទីពេញចិត្តរួមជាមួយនឹងស្ថានីយ ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលតែងតែចូលរួមយកព័ត៌មាននិងផ្សព្វផ្សាយរាល់សកម្មភាព និងសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជានារយៈពេលកន្លង មក ជាពិសេសការលើកកម្ពស់ការយល់ ដឹងពីសកម្មភាព និងសមិទ្ធផលរបស់ កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យកម្លាំងមនុស្ស ធម៌ ដែលជាវប្បធម៌ចែករំលែកនៅតែជា កម្លាំងដ៏រឹងមាំនិងជាប្រភពធនធានមិនចេះរីងស្ងួត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានរំលឹកថា កាលពីឆ្នាំទៅកាកបាទ ក្រហមកម្ពុជាធ្វើឡើងចំពេលដែលកម្ពុជាជួបនូវគ្រោះរាំងស្ងួត ហើយពេលនោះរាជ រដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការទ្រង់ ទ្រាយធំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការចែកចាយទឹក ការជីកអណ្តូង ជីកស្រះ ក្នុងនោះក៏មានការ ចូលរួមយ៉ាងសកម្មពីកាកបាទក្រហមកម្ពុជា ផងដែរ។ តាមរយៈវិធានការនេះគឺពិតជាមានសារសំខាន់ណាស់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជាដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ន នេះដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ។

សម្តេចតេជោបានថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌ដ៏ចាំបាច់មួយនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម កម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពាររាល់ការលំបាកទាំងឡាយទោះតូចក្តីធំក្តីធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះ ឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះដែរសម្តេចតេជោ បានអំពាវនាវដល់អាណាព្យាបាល ឪពុក ម្តាយត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង ក្រុម គ្រួសារ និងសង្គមជាតិ។ ម្យ៉ាងវិញទៀតសូម ប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់ចរា ចរណ៍ សូមបើកបរឲ្យមានការប្រុងប្រយ័ត្ន ពិសេសបើកបរដោយគ្មានការប្រើប្រាស់គ្រឿងស្រវឹង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែល បានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណជនដែលបានជួយដល់មន្ទីពេទ្យគន្ធបុប្ផានេះដើម្បីឲ្យ ដំណើរការទៅមុខ។ នៅក្នុងពេលថ្លែងទៅ កាន់សាធារណជនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគោរពថ្វាយព្រះ ពរដល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើន ព្រះជន្មព្រះអង្គក្នុងពេលខាងមុខនេះសូមព្រះករុណាមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ៗរូប ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង អំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្ញើសារជូនពរសម្តេច ក្នុងហ្វេសប៊ុក និងតាមទូរស័ព្ទក្នុងពេល ដែលសម្តេចតេជោបានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីកាលពីអាទិត្យ មុននេះ។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់កិត្តិយស ទទួលថវិកាពីសប្បុរសជនដែលបានចូល រួមវិភាគទានដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញ ពិនិត្យការតាំងពិព័រណ៍សមិទ្ធផលស្នាដៃ កាកបាទក្រហមនាពេលកន្លងមក និងបាន ថតរូបអនុស្សាវរីយ៍ជាមួយសប្បុរសជននិងយុវជនយុវនារីក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។ ថវិកាសរុបសម្រាប់ឆ្នាំ ២០១៧នេះទទួលបានបឋមចំនួន ១៣.៤១០.២៨០ដុល្លារអាមេរិក ៕ ហេង សូរិយា


ចែករំលែក៖