ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំថ្មសបិទភ្នែកឲ្យឈ្មួញសង់ផ្ទះលើអូរបិនផ្លូវទឹក

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋស្ទើរតែ ទូទាំងស្រុកចោទប្រកាន់លោកមេឃុំថ្មស ថាបានបើកភ្លើងខៀវឲ្យសំណង់អត់ច្បាប់១កន្លែង ស្ថិតក្នុងភូមថ្មស ឃុំថ្មស ស្រុក បុទុមសាគរ សង់បំពានលើអូរ និងចាក់គ្រឹះ ទប់ទឹកមិនឲ្យហូរ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើង ថា សំណង់អត់ច្បាប់ខាងលើមានម្ចាស់ឈ្មោះ ជា សុថាវីរិទ្ធិ ហៅតី ជាក្មួយប្រុស របស់លោកមេឃុំថ្មសតែម្តង ។ ដោយសារ តែគេមានខ្សែ និងមានខ្នងបង្អែកបែបនេះទើបគេអាចធ្វើអ្វីៗបានទៅតាមអំពើចិត្ត របស់គេ ។

ពលរដ្ឋបន្តថាកន្លងមកនារដូវវស្សាពេលភ្លៀងធ្លាក់ម្តងៗតែងមានការជន់លិចផ្លូវ និងផ្ទះស្រាប់តែពេលនេះមានការសង់ សំណង់នៅលើអូរនិងចាក់ទឹកទប់ផ្លូវទឹកថែមទៀត ហេតុដូចនេះពេលរដូវវស្សាមិនដឹងថាពលរដ្ឋនៅម្តុំនេះរងទុក្ខដោយសារ ទឹកលិចបែបណាទេ ។

លោក អ៊ិក គួន មេឃុំថ្មស បានថ្លែងឲ្យ ដឹងតាមទូរស័ព្ទថា គេបានប្រាប់គាត់ហើយសំណង់របស់គេមានច្បាប់ ម្ចាស់គេបានប្រាប់ទៅខាងភូមិបាលរួចរាល់អស់ហើយ ហើយក៏បិទទូរស័ព្ទទៅ។ រីឯលោក ពៅ ច័ន្ទ ថន លោកមិនបានដឹងពីរឿងសំណង់ខាងលើនោះទ្បើយ ហើយពេលនេះលោក កំពុងរវល់នៅឯទីក្រុងភ្នំពេញចាំលោកត្រឡប់ទៅវិញចាំលោកចុះទៅពិនិត្យមើល ។

ចំណែកលោក ចាន់ មុន្នីហៅវ៉ាត ជា ប្រធានការិយាល័យបរិស្ថានស្រុកបុទុមសាគរវិញក៏បានឲ្យដឹងដែរថា បើសិនជាមានការសាងសង់ទៅលើអូរបែបនេះមែន វាពិត ជាប៉ះពាល់ ចាំលោកចុះទៅពិនិត្យមើល សិនបើវាពិតជាប៉ះពាល់មែន លោកមិន អនុញ្ញាតឲ្យសំណង់ខាងលើសាងសង់បាននោះទេ ។

លោក ជា សុថាវីរិទ្ធិ ហៅតី ដែលជា ម្ចាស់សំណង់ បានបំភ្លឺតាមទូរស័ព្ទថា លោកបានប្រាប់ទៅលោកមេឃុំរួចរាល់អស់ ហើយ ចំណែករឿងអ្នកសារព័ត៌មាននោះ លោកបានប្រើពាក្យគំរាមថា បើសំណង់ អត់ច្បាប់តើវាយ៉ាងម៉េចលោកឯងប្រយ័ត្នខ្លួនទៅ ។

សូមបញ្ជាក់ថា ក្នុងការចុះផ្តិតយករូបភាពពីសំណង់អត់ច្បាប់ខាងលើ ម្ចាស់ សំណង់បានមករារាំង និងប្រើពាក្យសម្តីប្រមាថគំរាមកំហែងដល់អ្នកសារព័ត៌មាន ថែមទៀតផង ៕ សហការី


ចែករំលែក៖