ខេត្តឧត្តរមានជ័យ ៖ នៅភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ គឺមានស្តង់ទទួលទិញដំឡូងមីក្រៀមជាច្រើនកន្លែងពីប្រជាកសិករ ដើម្បីទុកលក់បន្តឲ្យឈ្មួញនាំចេញទៅលក់នៅក្រៅប្រទេស ។ ស្តង់ទទួលទិញដំឡូងមី ក្រៀមខ្លះបានធ្វើឲ្យម្សៅដំឡូងមីក្រៀមហុយជាប្រចាំប៉ះពាល់ទៅដល់សុខភាពអ្នកដែល រស់នៅជិតខាង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសាធារណៈផង។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសិង្ហបានចោទប្រកាន់អាជ្ញាធរឃុំ និងស្រុកថាបានព្រងើយកន្តើយមិនព្រមដោះស្រាយទៅលើបញ្ហាស្តង់ទទួលទិញដំឡូងមីក្រៀមខ្លះ ដែលធ្វើឲ្យហុយប៉ះពាល់ដល់សុខភាពក្មេងៗ និងបរិស្ថាននោះទេ។
ក្រុមអ្នកភូមិទាំងនោះអះអាងថា គេបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរភូមិ-ឃុំរយៈ ពេលជាងកន្លះខែមកហើយឲ្យជួយដោះ ស្រាយរឿងស្តង់ទទួលទិញដំឡូងមីក្រៀម មួយកន្លែង ដែលធ្វើឲ្យហុយម្សៅស្ទើរតែ រៀងរាល់ថ្ងៃ រំខានដល់ការរស់នៅ ព្រម ទាំងប៉ះពាល់ដល់សុខភាពកុមារផង ប៉ុន្តែ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានដំណោះស្រាយអ្វីនៅឡើយទេ។
អ្នកភូមិសិង្ហម្នាក់ក្នុងចំណោមអ្នកភូមិ ខ្លះទៀតដែលប៉ះពាល់ដោយសារហុយ ម្សៅដំឡូងមីក្រៀមនោះ គឺលោក សយ សុវណ្ណារ៉ា មានប្រសាសន៍ថា សព្វថ្ងៃនេះ ផ្ទះរបស់លោក គឺនៅជាប់របងគ្នានឹងស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែងរបស់ឈ្មោះ ចាន់ ជឿម។ កន្លែងទិញដំឡូងនេះ ធ្វើឲ្យម្សៅដំឡូងមីក្រៀមហុយចេញស្ទើរតែរៀងរាល់ថ្ងៃ នៅពេលមានខ្យល់បក់ និងគ្រឿងចក្រកាយដាក់លើឡានម្ដងៗ។
លោក សយ សុវណ្ណារ៉ា អះអាងថា ការ ហុយម្សៅដំឡូងមីក្រៀមនេះធ្វើឲ្យកូន តូចៗរបស់លោក និងកូនអ្នកភូមិជាច្រើនទៀតឧស្សាហ៍កើតជំងឺជាញឹកញាប់ ក្មេងវាចេះតែក្តៅខ្លួនរលាកសួតរលាកអី ។ កូន ខ្ញុំតាំងពីមានស្តង់នេះមក វាឈឺច្រើនដង ហើយទៅពេទ្យគេប្រាប់ថារលាកសួតហើយកូនជាងក្រឡឹងគ្រឿងឡាននោះតិចៗដាក់សេរ៉ូម។
អ្នកភូមិសិង្ហ អះអាងថា ស្តង់ទទួលទិញដំឡូងមីក្រៀមបានធ្វើឲ្យហុយម្សៅស្ងួត ប៉ះពាល់ដល់សុខភាពសាធារណៈរយៈពេលជាច្រើនខែមកហើយ ចាប់តាំងតែពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៦ ជាពេលដែលកសិករជាច្រើនដាំបានដំឡូងមី ហើយដឹកជញ្ជូនយកមកលក់ជាបន្តបន្ទាប់នោះ។
កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ ក្រុមអ្នកភូមិសិង្ហ បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរភូមិ និងឃុំគោកមនឲ្យជួយដោះ ស្រាយទៅលើការសាងសង់លានទិញដំឡូង របស់ឈ្មោះ ចាន់ ជឿម។ អ្នកភូមិបញ្ជាក់ថា ជាយូរមកហើយ ពួកគេបានរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព ប៉ុន្តែ ចាប់តាំងពីឈ្មោះ ចាន់ ជឿម សាងសង់ ទីលានទិញដំឡូង គឺធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅដូចជាមានសំឡេងម៉ាស៊ីនឮខ្លាំងបង្កឲ្យហុយម្សៅដំឡូងក្រៀម និងជះក្លិនស្អុយចេញពីម្សៅដំឡូងរលួយជា ដើម។
ចំណែកមេឃុំគោកមន លោក អួន វី មានប្រសាសន៍ថា លោកមិនមានសមត្ថភាពដោះស្រាយបណ្ដឹងដែលអ្នកភូមិសិង្ហបាន ប្ដឹងទៅលើម្ចាស់ស្តង់ទទួលទិញដំឡូងមីក្រៀមនោះយ៉ាងណាទេ ពីព្រោះតែលោក ដឹងថា ម្ចាស់ស្តង់ដែលបើកទទួលទិញដំឡូងមីក្រៀមនោះ គឺសុទ្ធតែមានច្បាប់ធ្វើអាជីវកម្មពីថ្នាក់មន្ទីរត្រឹមត្រូវ ។ លោក អួន វី បញ្ជាក់ទៀតថា តាមការពិនិត្យ គឺលោក មើលឃើញថា នៅក្នុងឃុំគោកមនទាំង មូល គឺមានលានទទួលទិញដំឡូងទាំងអស់ចំនួនជាង១០កន្លែងឯណោះ ហើយពេល ខ្លះ ទីលានទទួលទិញដំឡូងមីទាំងនោះក៏បង្កការប៉ះពាល់ដូចគ្នា ប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋនៅកន្លែងដទៃមិនប្ដឹង គឺប្ដឹង តែទីលានដំឡូងនៅភូមិសិង្ហតែមួយ?
លោកមេឃុំគោកមនយល់ថា បញ្ហាប្ដឹងប្រឆាំងនឹងទីលានទទួលទិញដំឡូងនៅភូមិសិង្ហនោះ តាមលោកសន្និដ្ឋានអាចជាទំនាស់ដែលបណ្ដាលមកពីការច្រណែននិន្ទាគ្នាផង ឃុំអស់លទ្ធភាពដោះស្រាយហើយ ដោយសារទី១ យោងទៅលើឯកសារថ្នាក់លើដែលអនុញ្ញាតឲ្យធ្វើអាជីវកម្ម ហើយ ទី២ គឺបានពិនិត្យទៅលើការប៉ះពាល់ជាក់ស្ដែងរួចហើយ ។
ពលរដ្ឋខ្លះអះអាងថា មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានចេញច្បាប់ឲ្យទីលានទទួលទិញដំឡូងមីទាំងនោះរួចហើយបានជាមិនឃើញមានការដោះស្រាយ បើទោះបីជា ម្ចាស់ទីលានដំឡូងមីក្រៀមទាំងនោះធ្វើឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងបរិស្ថានយ៉ាងណាក៏ដោយ។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បដិសេធថា មន្ទីររបស់លោកពុំដែលបានចេញលិខិតអនុញ្ញាតទៅឲ្យស្តង់ទទួលទិញដំឡូងមីណាមួយ ទេ ។ លោកទទួលស្គាល់ថា កាលពីប្រធាន មន្ទីរមុន គឺធ្លាប់បានចុះទៅធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់ស្តង់ទទួលទិញដំឡូងមីខ្លះមែន ដូចជាឲ្យគោរពច្បាប់ស្ដីពីបរិស្ថាន និងជៀសវាងការប៉ះពាល់ដល់ធនធានធម្មជាតិនានាជាដើម ។
លោក ភួង លីណា បញ្ជាក់ថា ចំពោះបញ្ហា ដែលអ្នកភូមិសិង្ហ ប្ដឹងម្ចាស់ទីលានទទួល ទិញដំឡូង១កន្លែងនោះ គឺលោកទើបតែ ទទួលបាននៅចុងសប្ដាហ៍នេះ បានជាយឺតយ៉ាវក្នុងការចុះទៅពិនិត្យមើលការប៉ះពាល់នានា អ៊ីចឹងសប្ដាហ៍ក្រោយប្រហែលជាបានចុះទៅមើលហើយ។ បើម្ចាស់ស្តង់ដំឡូងហ្នឹងមិនគោរពតាមកិច្ចសន្យា គឺខាងខ្ញុំនឹង ចុះទៅពិនិត្យមើល ។
មន្ត្រីមន្ទីរបរិស្ថានអះអាងថា កាលពីមុនម្ចាស់ស្តង់ដំឡូងទាំងអស់មិនចាំបាច់សុំ ច្បាប់ធ្វើអាជីវកម្មទេ ប៉ុន្តែចាប់ពីពេល នេះតទៅ អាជ្ញាធរខេត្តឧត្តរមានជ័យបានរឹតបន្តឹងស្ដីពីកិច្ចការពារបរិស្ថាន ហើយតម្រូវឲ្យម្ចាស់អាជីវកម្មស្តង់ដំឡូងទាំងអស់ ត្រូវតែសុំច្បាប់ធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ ព្រមទាំងភ្ជាប់ជាមួយនូវកិច្ចសន្យាមិនធ្វើឲ្យ ប៉ះពាល់ដល់បរិស្ថានជាចាំបាច់៕ ប៉ែន នួន