ព័ត៌មានទាន់ហេតុការណ៍៖

Inter Milanបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំបាន៦ខែ

ចែករំលែក៖

ក្លិប Inter Milanដែលជាក្លិបធំនៅអ៊ីតាលីSerie Aបានសម្រេចចិត្តបណ្តេញលោក Stefano Pioliចេញពីតំណែងគ្រូបង្វឹកបន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ។

គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបានមកជំនួសតំណែងរបស់លោក Frank de Boer កាលពីខែវិច្ឆិកាឆ្នាំមុន ហើយគាត់បានចុះកិច្ចសន្យា ដឹកនាំក្រុម Inter Milan រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៨។

ក្លិបInter Milanបានចេញសេចក្តីថ្លែងការណ៍មួយថា “យើងសូមថ្លែងអំណរគុណដល់ Stefano និងក្រុមរបស់គាត់ចំពោះ កិច្ចខិតខំប្រឹងប្រែងសម្រាប់ក្លិប ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ក្លិបកំពុងតែរៀបចំគំរោងសម្រាប់រដូវកាក្រោយ” ។

គួរបញ្ជាក់ថា នៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ រដូវកាល ឆ្នាំ២០១៦-១៧នឹងត្រូវបញ្ចប់នៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ហើយក្លិប Inter Milanកំពុងតែឈលេខរៀងទី៧ តាមពីក្រោយក្រុម AC Milan ចំនួន៣ពិន្ទុ។

គ្រូបង្វឹកថ្នាលយុវជន Inter Milan លោក Stefano Vecchi នឹងកាន់តំណែងក្នុងក្រុមធំជាបណ្ដោះអាសន្នរហូតដល់ដាច់រដូវកាល។

លោក Pioli គឺជាអ្នកចាត់ការទី៩របស់ Inter Milan ក្រោយលោក Jose Mourinho ចាកចេញនៅឆ្នាំ២០១០៕ ដេវីត


ចែករំលែក៖