ព័ត៌មានទាន់ហេតុការណ៍៖

ឈាន ពិសិដ្ឋ មិនចូលខ្លួនតាមដីកាបញ្ជារបស់តំណាងអយ្យការឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាម ការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មក ដល់រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ មិនចូលខ្លួនទៅបំភ្លឺតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការនោះទេ ។

លោក មាស ច័ន្ទពិសិដ្ឋ បានបន្ថែមថា សំណុំរឿងនេះ លោកនឹងកោះហៅសាក្សីមួយចំនួនមកផ្តល់ចម្លើយសិន បន្ទាប់មក តំណាងអយ្យការនឹងសម្រេចចោទប្រកាន់លើឈ្មោះ ឈាន ពិសិដ្ឋតែម្តង។ លោក បានថ្លែងថា តំណាងអយ្យការបានស្តាប់ ចម្លើយដើមបណ្ដឹងគឺលោក សេម មករា រួចរាល់ហើយ ដោយដើមបណ្ដឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន១ម៉ឺន ដុល្លារ ។

សូមបញ្ជាក់ថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដែលតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតត្រូវទៅបង្ហាញខ្លួននៅ មុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត ។

ដីកានេះតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលខ្លួនដើម្បីបំភ្លឺពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធខុស ច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារព្រំដែនប៉ោយប៉ែតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងដីកានេះលោក មាស ច័ន្ទពិសិដ្ឋ បានតម្រូវឲ្យជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ ចូលខ្លួនទៅបំភ្លឺត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយដីកាក៏បានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលបង្ហាញខ្លួន ។

ការចេញដីកាបញ្ជាឲ្យចូលខ្លួនខាងលើនេះធ្វើឡើងនៅក្រោយពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៧ បានប្រកាសដកមុខ តំណែងជនសង្ស័យ ឈាន ពិសិដ្ឋ នាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលអន្តោប្រវេសន៍ ។

គួររំលឹកថា ជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រើកាំភ្លើងខ្លីម៉ាកប៉េអាកុលបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិត ជនរងគ្រោះឈ្មោះ សេម មករា តួនាទីនាយ រងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចគ្នាកាលពីព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍។ ជាកុសលល្អជនរងគ្រោះមិនត្រូវរបួសធ្ងន់ធ្ងរទេដោយត្រូវចំស្មារបួសស្រាល។ ក្រោយពេលបាញ់ជនរងគ្រោះ រួចជនសង្ស័យ ឈាន ពិសិដ្ឋ បានរត់គេច ខ្លួនចូលក្នុងទឹកដីថៃដោយសុវត្ថិភាព៕ ហេង សូរិយា


ចែករំលែក៖