ភ្នំពេញ៖ ដើមបណ្ដឹង ប្រតិកម្មខ្លាំងៗចំពោះការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តទឹកប្រាក់ជិតមួយម៉ឺនដុល្លារអាមេរិក ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។
ដើមបណ្ដឹង សង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។
លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។
មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាចបង្កប់អំពើពុករលួយ ។
លោកស្រី សោភ័ណ្ឌ បន្តថា លោកស្រីគង់ លាងជូ ជាមេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួលឲ្យមានការដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។
មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹងពុំបានដឹងឡើយ នេះបានមន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញដីកាដោះលែងមនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខបូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី គង់ លាងជូ ត្រឡប់ទៅវិញ ។
ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី គង់ លាងជូ អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ ៕ ចេស្តា