ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Thongloun SISOULITH នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកនាយករដ្ឋមន្រ្តីឡាវ បានជម្រាបប្រាប់សម្តេចតេជោថា លោកបានមើលពីលើយន្តហោះបានឃើញ កម្ពុជារីកចម្រើន ជាពិសេសទីក្រុងភ្នំពេញពោរពេញដោយអាគារខ្ពស់ៗជាច្រើន ដែលបញ្ជាក់ពីការរីក ចម្រើនទៅមុខរបស់កម្ពុជា។ លោក Thongloun SISOULITH បានថ្លែងអំណរគុណដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញលោកមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិត ពិភពលោកនេះ ហើយលោកជឿជាក់ថានឹងទទួលបានជោគជ័យ នៅក្រោមការដឹក នាំរបស់ សម្តេចតេជោ។
លោក Thongloun SISOULITH ក៏បានលើកឡើងពីការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែល ថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀងនិង បានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះ កំពុងតែ ដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរក្ារ គឺភាគីទាំងពីរនឹងពិនិត្យមើល ឡើងវិញអោយបានឆាប់។ កន្លងមកមានពាក្យចរចាមអារាមពីការប៉ះពាល់គ្នារវាងកម្ពុជានិងឡាវ នៅ តំបន់ព្រំដែន។ នេះគឺគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ។ កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាង ល្អ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកំពុងតែជួបជុំពិភាក្សាការងារ ហើយថ្នាក់ដឹកនាំទាំងពីរ នៅពេលនេះក៏កំពុងតែព្រមព្រៀងគ្នា ជម្រុញការងារដែលសេសសល់ ដែលបានព្រមព្រៀងគ្នាហើយ នោះ គឺធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញការសាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវអោយឆាប់ និងកាន់តែលឿនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក Thongloun SISOULITH ដែលបាន អញ្ជើញមកចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃស្ងែកនេះ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវជាបងប្អូនគ្នា និងជា មិត្ត ហើយក៏កំពុងសហការគ្នាយ៉ាងល្អ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានឯកភាពជាមួយលោក នាយករដ្ឋមន្ត្រីឡាវ ក្នុងការពិភាក្សាជំរុញការងារទាំងឡាយណាដែលនៅសេសសល់ ដែលបានព្រម ព្រៀងគ្នារួច ឲ្យមានការវិវឌ្ឍន៍ឆាប់រហ័សទៅមុខទៀត ជាពិសេស ដើម្បីសម្រួលអោយប្រជាជនរស់ នៅតាមព្រំដែនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន និងប្រកបរបរផ្សេងៗកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងឡើង៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ