ខេត្តព្រៃវែង៖ ភ្លៀងខ្យល់កន្ត្រាក់បានបំផ្លិចបំផ្លាញរោងប្រារព្ធពិធីច្រត់ព្រះនង្គ័ល ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ករណីភ្លៀងខ្យល់បំផ្លាញរោងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយរោងពិធីធ្វើឡើងនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
អាជ្ញាធរស្រុកបានឲ្យដឹងថា ក្រៅពីរោងប្រារព្ធពិធីច្រត់ព្រះនង្គ័លត្រូវខ្យល់វាយបក់ឲ្យដួលរលំ ក្រោយពីការសាងសង់រៀបចំជាច្រើនថ្ងៃនោះ ស្តង់ពិព័រសម្រាប់ដាក់តាំងសមិទ្ធផលតាមក្រសួងមន្ទីរ និងស្ថាប័ននានា ក៏ត្រូវខ្យល់បោកបក់ដួលគ្មានសល់ដូចគ្នា។
អាជ្ញាធរស្រុកបានបន្តថា មិនមែនតែរោងគ្រោងប្រារព្ធពិធីច្រត់ព្រះនង្គ័លនោះទេដែលត្រូវបានខ្យល់វាយបំផ្លាញ គឺនៅមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀតក៏រងនឹងខ្យល់កន្ត្រាក់ឲ្យដួលរលំ និងបុើងដំបូលផងដែរ។
បើតាមប្រភពនៅកន្លែងកើតហេតុនៃរោងប្រារព្ធពិធីឲ្យដឹងថា តាមការគ្រោងទុកនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ នឹងមានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល បន្ទាប់ពីព្រះរាជពិធីដ៏ធំមួយនេះ កាលពីឆ្នាំមុនធ្វើនៅខេត្តសៀមរាប។ នៅពេលដែលព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងចាប់ផ្ដើមធ្វើនៅ២ថ្ងៃខាងមុខ អាជា្ញធរខេត្តព្រៃវែង ក៏បានរៀបចំតុបតែងលម្អ និងសង់រោងសម្រាប់ព្រះរាជពិធីនេះផងដែរ។
គួរបញ្ជាក់ថានៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មិនមែនតែនៅខេត្តព្រៃវែងមួយប៉ុណ្ណោះទេដែលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងសាធារណៈគឺភ្លៀងខ្យល់បានគ្របដណ្តប់ស្ទើរមួយផ្ទៃប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍លម្អិតពីការខូចខាតគេនៅពុំទាន់បូកសរុបបាននៅឡើយទេ៕ សហការី