ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀន ៣នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោង និងស្រុកត្រាំកក់ ឃាត់ខ្លួនបន្ទាប់ពីប្រើប្រាស់ និងចែកចាយថ្នាំញៀន ដែលហេតុការណ៍បង្រ្កាបនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំង២កន្លែងផ្សេងគ្នា ។

ករណីបង្ក្រាបទី១ស្ថិតនៅចំណុចភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងករណីទី២ ស្ថិតនៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍នគរបាលស្រុកសំរោង និងស្រុកត្រាំកក់បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងកម្លាំងអធិការដ្ឋានបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលនៅតាមមូលដ្ឋានឈានទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដែលទី ១.ឈ្មោះ អេន វី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅនៅភូមិ ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ និងទី២.ឈ្មោះ ពេជ្រ ពៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ករណីទី២ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចណុចផ្ទះរបស់ឈ្មោះ ទួត ជា ភេទប្រុស ស្ថិតនៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជនសង្ស័យឈ្មោះ ជួន ឱរ៉ាល់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានបន្ថែមថា ទាំង២ករណីខាងលើ កម្លាំងជំនាញបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សរចំនួន៦កញ្ចប់, ស្បោងច្រកចំនួន៦, អាវុធកែច្នៃ២ដើម, ម៉ូតូ១ គ្រឿង, វិទ្យុទាក់ទង១គ្រឿង, កម្ទេចថ្នាំញៀនប្រើរួច៣កញ្ចប់តូច, ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖