ប្រទេសថៃ៖ យ៉ាងហោចមានកម្មករខ្មែរ-ថៃចំនួន១៥នាក់ បានទទួលរងរបួសធ្ងន់ ស្រាល និងស្លាប់ ខណៈដែលជួបនូវគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ និងជ្រុលបុកដើមឈើ បង្កឡើងដោយខ្លួនឯង ទន្ទឹមដែលរថយន្តបានដឹកកម្មករខ្មែរ-ថៃទាំងនោះ បម្រុងទៅបេះផ្លែឈើ ក្នុងខេត្តត្រាត ប្រទេសថៃ កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅស្រុកមឿង ខេត្តត្រាត ។ នេះបើយោងតាមការដកស្រង់ព័ត៌មានចេញពីកាសែតក្នុងប្រទេសថៃ។
បើយោងតាមប្រភពព័ត៌មានរបស់កាសែតថៃឱ្យដឹងទៀតថា ក្នុងចំណោមកម្មករខ្មែរ -ថៃ ដែលរងគ្រោះថ្នាក់ស្លាប់ និងរងបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរារចណ៍ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។ សេចក្តីរាយការណ៍ជាបឋមឱ្យដឹងថា មានកម្មករខ្មែរម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយឡែក អ្នករងរបួសមួយចំនួនទៀត គេមិនទាន់ដឹងថា មានកម្មករខ្មែរប៉ុន្មាននាក់ និងកម្មករថៃប៉ុន្មាននាក់ច្បាស់លាស់នៅឡើយទេ អ្នករងរបួស នោះ ស្ថិតក្នុងការជួយសង្រ្គោះបញ្ជូនដល់មន្ទីរពេទ្យ ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្តប្រភេទធុនតូច តូយ៉ូតាវីហ្គោ ១គ្រឿង បានដឹកផ្ទុកកម្មករខ្មែរ-ថៃ១៥នាក់ ក្នុងល្បឿនលឿន ដើម្បីទៅបេះផ្លែឈើនៅដីក្នុងចំការមួយកន្លែង ក្នុងខេត្តត្រាត ប្រទេសថៃ ។ លុះរថយន្តធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តផ្ទុះកង់ខាងមុខ បណ្តាលឱ្យរថយន្តរេចង្កូត ធ្លាក់ផ្លូវស្នាមភ្លោះក្រឡាប់ជាច្រើនត្រឡប់ ហើយរថយន្តក៏ជ្រុលបុកដើមឈើ១ដើម ទើបរថយន្តជាប់គាំងតែម្តង។
ក្រោយពីកើតហេតុនោះភ្លាម គេសង្កេតឃើញសមត្ថកិច្ចថៃ ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានដឹកជនរងគ្រោះកម្មករខ្មែរ-ថៃ ទៅកាន់មន្ទីរពេទ្យខេត្តត្រាត ដោយឡែករថយន្តនោះវិញ បានរងការខូចខាតធ្ងន់ ៕ សំ វិច្ឆិកា