ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េរេចង្កូតធ្លាក់ផ្លូវក្រឡាប់សង្កត់ម៉ូតូមួយគ្រឿងរងការខូចខាត និងមនុស្ស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿ ងក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងច្រងាង និងសង្កត់ម៉ូតូគុបជ្រុងមួយគ្រឿង រងការខូចខាត និងធ្វើឲ្យនារី២នាក់ភាគីខាងម៉ូតូរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ កាលពីវេលាម៉ោង ១០ និង៤៥នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ។

អ្នកបើករថយន្តបង្កជាប្រភេទរថយន្តកូរ៉េ ពណ៌ស ពាល់ស្លាកលេខ ភ្នំពេញ 3D : 3132 មានឈ្មោះ ម៉ៅ សំណាង អាយុ២៧ឆ្នាំមានមុខរបរបើកបររថយន្ត ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកអ្នកជិះម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះសិន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងអ្នកជិះពីក្រោយមានឈ្មោះ ស្រីផេន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិស្វាយមានលាក់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កបើកបរដោយបុរសម្នាក់ធ្វើតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿលឿន លុះមកដល់ចំណុចខាងលើ រថយន្តបង្កស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះខាងលើពីក្រោយ និងរេចង្កូតក្រឡាប់ទៅម្ខាងផ្លូវដួលសង្កត់ម៉ូតូជនរងគ្រោះថែមទៀត បណ្តាលអោរងការខូចខាតនិងភាគីខាងម៉ូតូរបួសធ្ងន់ទាំង២ ។

ក្រោយកើតហេតុភ្លាមៗ នារីរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅមន្ទីពេទ្យកុមារជាតិ ដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍វាស់វែងស្ទូចយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរ រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមនីតិវិធី ៕  ភារ៉ា ដង្កោ


ចែករំលែក៖