ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើល ប្រកាសឈ្មោះកញ្ញាឯកកម្ពុជា ២រូប ចូលរួមប្រកួតកញ្ញាឯកចិនពិភពលោកឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើល មានមោទនភាពដែលបានបញ្ចូនកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ ពីររូបគឺកញ្ញាលី ណៃស៊ីម និងកញ្ញាលឹម ណយ តំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតកញ្ញាឯកចិនពិភពលោកឆ្នាំ២០១៧ ។

ណាហ្គាវើល ដែលជាដៃគូផ្លូវការ និងទីតាំងប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ បានរៀបចំសន្និសីទសារព័ត៌មានជូនដំណើរ កញ្ញាលី ណៃស៊ីម មកពីរាជធានីភ្នំពេញ និងកញ្ញាលឹម ណយ មកពីខេត្តសៀមរាប សម្រាប់កម្មវិធីប្រកួតកញ្ញាឯកចិនអន្តរជាតិ ។នេះជាលើកទី១ ហើយដែលកម្ពុជាចូលរួមប្រកួតក្នុងរាត្រីគ្រងមកុដផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតកញ្ញាឯកចិនពិភពលោកដែលនឹងធ្វើឡើងនៅទីក្រុងPataling Jaya,Selango ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ។

សន្និសីទសារព័ត៌មានជូនដំណើរ ត្រូវបានធ្វើឡើងដោយសហការជាមួយក្រុមហ៊ុន Arise Agency ដែលបានជួយបង្ហាត់បង្រៀនកញ្ញាឯករបស់យើងសម្រាប់កម្មវិធីប្រកួតដ៏ធំនេះក្រោមប្រធានបទ “The Beauty of Heart,The world of wisdom ” ។ កម្មវិធីប្រកួតកញ្ញាឯកចិនពិភពលោកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដើម្បីជួយលើកកម្ពស់សន្តិភាព សុឆន្ទៈ និងចំណងមិត្តភាពក្នុងចំណោមកញ្ញាឯកដែលចូលរួមទាំងអស់ ។កម្មវិធីនេះ មានគោលបំណងប្រមូលនារីដែលមានសម្រស់ស្រស់ស្អាតបំផុតដែលមានខ្សែរស្រឡាយចិនមកពីជុំវិញពិភពលោកដើម្បីលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីចិន ។

ក្នុងពិធីនោះដែល កញ្ញាឯកដ៏ស្រស់ស្អាតទាំងពីរ ក៏បានបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរ(សំពត់)រ៉ូបរាត្រីសមោសរ និងឈុតប្រពៃណីចិនដែលបានច្នៃម៉ូដក្នុងស្រុកសម្រាប់ស្លៀកពាក់ក្នុងការប្រកួតអន្តរជាតិនោះ ។

ណាហ្គាវើល បានប្រគល់ដល់កញ្ញាឯកទាំងពីរនូវរូបចម្លាក់អប្សរាធ្វើអំពីឈើ ហើយរូបចម្លាក់ដែលជារបស់ខ្មែរសុទ្ធសាធនេះនឹងត្រូវដាក់បង្ហាញ និងដេញថ្លៃក្នុងកម្មវិធីសប្បុរធម៌ពេលល្ងាចក្នុងកំឡុងពេលប្រកួតកញ្ញាឯកចិនពិភពលោកឆ្នាំ២០១៧ ។

កញ្ញាឯកកម្ពុជាដែលចូលរួមប្រកួតនេះ ត្រូវបានគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងក្រសួងទេសចរណ៍កម្ពុជា ៕ ស តារា


ចែករំលែក៖