ភ្នំពេញ៖ ស្ត្រីដែលទើបតែវះកាត់យកកូនរូចរយះពេល២ខែ ត្រូវបានដេកស្លាប់នៅក្នុងបន្ទប់ទឹកខ្លួនឯង ខណៈនៅតែ២នាក់ម្តាយ និងកូនស្រីតូច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះលេខI 12 ផ្លូវ20k ក្រុម៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះទូច ម៉ារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះ ឃឹម សុខឃួន អាយុ៣៧ ឆ្នាំមុខរបលក់បន្លែ និងមានកូនតូចៗ៤នាក់ស្រីម្នាក់ ទើបតែអាយុ២ខែ អ្នកទាំង២មានស្រុកកំណើតនៅភូមិព្រៃប៉ះ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ម្តាយនិងកូនតូចទើបសម្រាលបានអាយុ២ខែ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ ចំណែកកូនៗ៣នាក់ទៀតទៅរៀនអស់ ។ លុះមកដល់វេលាកើតហេតុ កូនច្បងបានចេញពីសាលារៀនវិញ ពេលមកដល់ផ្ទះមិនឃើញម្តាយមើលប្អូនដែលដេកនៅលើគ្រែក៏ដើរចូលទៅខាងក្នុងផ្ទះផ្នែកខាងក្រោយដោយដើរកាត់មុខបន្ទប់ទឹក ស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើអោយរួបគេភ័យរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ ។
សាក្សីដដែលបានបន្តថា ភ្លាមនោះមានបុរសម្នាក់ដែលនៅជិតគ្នារត់ទៅមើលឃើញជនរងគ្រោះដេកបែបនេះ ក៏លើកផ្ងាររួចធ្វើចលនាបេះដូង តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ។
ក្រោយកើតហេតុបងប្អូនជនរងគ្រោះមកដល់ ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ជនរងគ្រោះបានបាត់ទូដែកមួយ ទើបសង្ស័យថា ជាអំពើរឃាតកម្ម។
ទោះជាយ៉ាងណា សមត្ថកិច្ចធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ សន្និដ្ឋានជំហានដំបូងថា ជាករណីប្លន់រួចសម្លាប់ ៕ សុខាសែនជ័យ