ឥណ្ឌានិងចិនគឺជាប្រទេសដែលមាន ពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក ហើយមានពលរដ្ឋភាគច្រើនរស់នៅក្នុងបន្ទាត់ក្រីក្រ ។ ប្រទេសទាំងពីរមាន ជម្លោះព្រំដែនរាប់ពាន់គីឡូម៉ែត្រហើយ ជម្លោះនោះស្ទើតែជំរុញឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមដាក់គ្នាជាច្រើនលើកមកហើយតែប្រទេសទាំងពីរមានការអត់ធ្មត់បាន បើមិនដូច្នោះទេប្រទេសទាំងពីរនឹងមានសង្រ្គាមជាទ្រង់ទ្រាយធំប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងតែមានសន្ទុះខ្លាំងជាងគេបំផុតនៅលើពិភពលោក។
នៅពេលនេះទាំងឥណ្ឌានិងចិនមិនចង់ឲ្យមានសង្គ្រាមនឹងគ្នានោះឡើយហើយបើសង្គ្រាម កើតឡើងពិបាកក្នុងការយកចាញ់ឈ្នះគ្នាណាស់ ដោយសារតែប្រទេសទាំងពីរមានសព្វាវុធទំនើបៗដូចគ្នា ។ បច្ចុប្បន្នឥណ្ឌាជាប្រទេសនាំចូលសព្វាវុធច្រើនជាងគេបង្អស់លើពិភពលោក។ឥណ្ឌាបានចាត់ទុកខ្លួនឯងថាជាមហាអំណាចតំបន់អាស៊ីខាងត្បូងមិនដែលទុកចិត្តចិនដោយសារតែថ្នាក់ដឹកនាំចិនតែងសម្តែងឱ្យឃើញនូវមហិច្ឆតារបស់ខ្លួន ទៅលើអាស៊ីខាងត្បូង ដូចមានការលេបយកដែនដីទីបេ(Tibet)មកកាន់កាប់នៅឆ្នាំ១៩៥១ជាដើម។
ឥណ្ឌាក៏មិនភ្លេចដែរបរាជ័យដ៏អាម៉ាស់មុខរបស់ខ្លួន នៅក្នុងសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់ចិននៅឆ្នាំ១៩៦២ សង្គ្រាមដែលបានបន្សល់ទុកនូវបញ្ហាព្រំដែនរវាងមហាប្រទេសទាំងពីរត រហូតមក ទល់សព្វថ្ងៃ។
ឥណ្ឌាប្រយ័ត្នណាស់ ប្រយ័ត្នខ្លាំងនៅចំពោះមុខសកម្មភាពទូត យោធានិងសេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំចិននៅអាស៊ីខាងត្បូង និងនៅក្នុងតំបន់ជុំវិញអាស៊ីខាងត្បូង ដូច ជានៅប៉ាគីស្ថានបង់ក្លាដែស នេប៉ាល ប៊ូ តង់ ម៉ាឌីហ្វ ស្រីលង្កា និងមីយ៉ាន់ម៉ា។
ទីក្រុងញូវដេលី(New Delhi) ចេះត ែមានអារម្មណ៍ថា តាំងពីដើមមក ចិនមានយុទ្ធសាស្ត្រឡោមព័ទ្ធប្រទេសខ្លួន។ អ្វីដែលធ្វើឱ្យឥណ្ឌាបារម្ភខ្លាំងជាងគេ គឺការបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ នូវខ្សែក្រវាត់សន្តិសុខមួយដែលពាក្យបារាំងគេហៅថាcollier de perles ខ្សែក្រវាត់សន្តិសុខដែលលាតសន្ធឹងពីឈូងសមុទ្រពែរ្ស(Perse) ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក(Pacifique) ដោយឆ្លងកាត់តាមសមុទ្រ ឥណ្ឌា។
រីឯទីក្រុងប៉េកាំង(Pékin)វិញអះអាងថាខ្សែក្រវាត់សន្តិសុខនេះ មិនមែនដើម្បី ឡោមព័ទ្ធឥណ្ឌាទេ តែដើម្បីការពារចរាចរណ៍នៃនាវាដឹកប្រេងកាតរបស់ខ្លួនមកពីភូមិភាគ ដើមបូព៌ាទេតើ។
តែឥណ្ឌាមិនជឿហើយបានប្រតិកម្មឆ្លើយតបវិញ ដោយបានទាំងយល់ព្រមធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក ជប៉ុន អូស្ត្រាលីនិងសិង្ហបុរីនៅក្នុងសមុទ្រឥណ្ឌានាឆ្នាំ ២០០៧ទៀតផង។
នៅក្នុងបរិបទបែបនេះ សំណួរដែលបាននិងកំពុងបន្តចោទឡើងក្នុងអំឡុងពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ គឺនៅទីបំផុត តើឥណ្ឌានិងចិនដែលកំពុងលេចត្រដែតឡើងនៅអាស៊ីនឹងក្លាយជាដៃគូ ឬមួយក៏ មហាយក្សអាស៊ីទាំងពីរនេះនឹងច្បាស់ជាចៀសមិនរួចពីប្រកួត ប្រជែងគ្នា?
ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិ សាស្រ្តវិទូចាប់អារម្មណ៍ខ្លាំងឡើងៗទៅលើទំនាក់ទំនងដ៏ ស្មុគស្មាញរវាងឥណ្ឌា នឹងចិន ដ្បិតនៅក្នុងរឿងនេះ តួអង្គមិនមែន មានតែពីរទេ តែបីឬបួន រាប់ទាំងអាមេរិក និងជប៉ុនផង។
ឥណ្ឌានិងអាមេរិកបាននិងកំពុងបន្តខិតចូលជិតគ្នា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាចង់លើកស្ទួយនិងជំរុញឥណ្ឌា ឱ្យឆាប់ក្លាយជា មហាយក្ស ដើម្បីជួយអាមេរិកនិងជួយ ឥណ្ឌាខ្លួនឯងក្នុងការខ្ទប់ឥទ្ធិពលរបស់ ចិន នៅអាស៊ីប៉ាស៊ីហ្វិក។
ចង់ឬមិនចង់ នៅលើសាច់ការជាក់ស្តែងនិងជាផ្លូវការ ឥណ្ឌានិងចិនដែលបានបែរខ្នងដាក់គ្នាជាច្រើនឆ្នាំបានផ្តើមសម្រួល ទំនាក់ទំនងនឹងគ្នានៅចុងទសវត្សរ៍ទី៨០។
ការរលត់រលាយទៅនៃសង្គ្រាមត្រជាក់ បានជំរុញប្រទេសទាំងពីរឱ្យបោះបង់ចោលទំនាស់មនោគមន៍វិជ្ជានិងសើរើមើល ឡើងវិញនយោបាយការបរទេសរបស់គេរៀងៗខ្លួន។ គួរគូសបញ្ជាក់ត្រង់នេះបន្តិចថា ឥណ្ឌាក៏ដូចចិនដែរ ឱ្យអាទិភាពទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយក៏ដូចចិនដែរ ឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់ និងត្រូវការបន្ធូរភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយចិន ដោយត្រូវទុកមួយឡែកសិន ទំនាស់ព្រំដែន និងគំនុំគំកួនពីអតីតកាល។ សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការ សម្រួលទំនាក់ទំនងរវាងអតីតគូ សត្រូវ ទាំងពីរ។ នៅឆ្នាំ១៩៩០ ការផ្តោះប្តូរពាណិជ្ជកម្មរវាងចិននឹងឥណ្ឌា គិតជាទឹកប្រាក់មានប្រមាណតែ២រយលានដុល្លារប៉ុណ្ណោះ។ តួរលេខនេះបានកើនទៅដល់២ពាន់លាន ដុល្លារនៅឆ្នាំ១៩៩៩ និងរហូតដល់ទៅ៦ម៉ឺនលានដុល្លារនៅឆ្នាំ២០១០។ គឺនៅក្នុងបរិបទសេដ្ឋកិច្ចដ៏ល្អបែបនេះហើយ ដែល នៅឆ្នាំ២០០៥ ឥណ្ឌានិងចិនបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយដ៏ សំខាន់មួយក្នុងខែមេសាឆ្នាំ២០០៥ ស្តីពី«ភាពជាដៃគូយុទ្ធសាស្រ្តដើម្បីសន្តិភាពនិងវឌ្ឍនភាព»។ និយាយបែបផ្សេង ឥណ្ឌា និងចិនយល់ព្រមលើកតម្កើងអ្វីដែលគេហៅថា កិច្ចសន្ទនាយុទ្ធសាស្រ្តដែលអនុញាតឱ្យភាគីនីមួយៗបញ្ចេញនិង ផ្លាស់ប្តូរមតិយោបល់គ្នាជុំវិញបញ្ហាសន្តិសុខក្នុងតំបន់និងក្នុង ពិភពលោក។
មិនតែប៉ុណ្ណោះ ដើម្បីធ្វើឱ្យចិនកក់ក្តៅចិត្ត ឥណ្ឌាបានទទួលស្គាល់ជាផ្លូវការ អធិបតេយ្យនៃប្រទេសចិនទៅលើទីបេ និងបានសន្យាប្រាប់ចិនថា នឹងខ្ទប់មិនឱ្យ ជនភៀសខ្លួនទីបេ ដែលរស់នៅលើទឹកដី ឥណ្ឌាធ្វើសកម្មភាពនយោបាយប្រឆាំងនឹងចិនទៀតទេ។
ចំណែកចិនវិញក៏ដូចគ្នាអីចឹងដែរ ខិតខំនិយាយនិងធ្វើយ៉ាងណាកុំឱ្យឥណ្ឌាខ្នក់ចិត្តតទៅទៀត។ នៅក្នុងន័យនេះ នៅ ឆ្នាំ ២០០៥ នាឱកាសទស្សនកិច្ចនៅឥណ្ឌា នាយករដ្ឋមន្ត្រីចិនសម័យនោះ គឺវ៉េន ជៀ បាវ បាននិយាយពន្យល់ថា ក្នុងរយៈពេល២ពាន់២រយឆ្នាំកន្លងទៅនេះ ទំនាក់ទំនង រវាងចិននឹងឥណ្ឌាមានលក្ខណៈល្អប្រសើ៩៩,៩%។ Wen Jiabao ប្រហែលជាចង់ និយាយថា អា០,១%ដែលមិនល្អនោះ គឺសង្គ្រាមរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៦២នោះឯង។
ដោយឡែក ចិនក៏ឈប់កាន់ជើងផ្កាប់មុខប៉ាគីស្ថានដែលជាសត្រូវសួពូជរបស់ឥណ្ឌា ដូចពេលមុនៗទៀតដែរ ហើយនេះ គឺជា សម្បទាននយោបាយមួយដែលធ្វើឱ្យ ឥណ្ឌាកក់ក្តៅដែលអាចឆ្ពោះទៅរកភាពរីកចម្រើន នាពេលអនាគតមិនព្រួយបារម្ភពីការប្រឈមមុខតានតឹង ជាមួយប្រទេស ជិតខាង ។
រដ្ឋាភិបាលឥណ្ឌាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីមានគោលនយោបាយទាក់ទាញអ្នកវិនិយោគពីបរទេសឲ្យកាន់តែច្រើនដើម្បីធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរឡើង៕ ម៉ែវ សាធី