នៅថ្ងៃទី១១ខែឧសភាកូរ៉េខាងជើងបានអំពាវនាវ ឲ្យរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង បញ្ចប់ គោលនយោបាយប្រឈមមុខដាក់ គ្នាក្នុងនោះមានទាំងការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក ជាដើម។ការអំពាវនាវខាងលើកើតឡើងក្នុងពេលដែល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងស្បថចូលកាន់តំណែង ក្រោយការជាប់ឆ្នោតភ្លាមៗ។
សារព័ត៌មាន យុនហាប់របស់កូរ៉េខាង ត្បូង បានដកស្រង់ ព័ត៌មានពីសារព័ត៌មាន កូរ៉េខាងជើង យកមកចុះផ្សាយថា ត្រូវកូរ៉េ ទាំងពីរ ចំបាច់ត្រូវតែគោរពគ្នា និងបើកនៅទំព័រថ្មី ឆ្ពោះរកទំនាក់ទំនងល្អប្រសើរ និងឯកភាពជាតិ។ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង ចាំបាច់ត្រូវតែស្វែងរកកិច្ចពិភាក្សា ចរចា នៅគ្រប់ថ្នាក់មន្ត្រី តាំងពីធំរហូតដល់តូច។
ក្រៅពីនេះ កូរ៉េខាងជើងក៏បានអំពាវនាវ ដល់កូរ៉េខាងត្បូងឲ្យបញ្ចប់សកម្មភាព បង្ហោះខិត្តប័ណ្ណ ចូលទៅកាន់កូរ៉េខាងជើង ពិសេសគឺបញ្ចប់ភាពតានតឹងនៅពេលនេះ ដើម្បីបញ្ចៀសនូវការប្រឈមមុខដាក់គ្នានៅតាមព្រំដែន និងនៅដែនសមុទ្រ។
ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជាកូរ៉េខាង ជើង សង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon នឹងស្វែងរកដំណោះស្រាយធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើងវិញ។ នៅក្នុងពេលឃោសនា បោះឆ្នោត លោក Moon ក៏បានសន្យាថា នឹងជំរុញឲ្យមានកិច្ចចរចារ និង បោះបង់កម្មវិធីបរមាណូ។
ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការ កើនឡើង ភាពតានតឹងផ្នែកយោធា នៅលើឧបទ្វីបកូរ៉េ ចំពេលដែលមានការ បាញ់បង្ហោះគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ត្រូវបានគេរំពឹងទុកថា របបកម្មុយ នីស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរ មួយផ្សេងទៀត ឬបាញ់គ្រាប់រ៉ុក្កែត រយៈ ចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែ តានតឹងឡើង ។
បើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះកំពុងរក្សាបាននូវកម្រិត នៃជំហរការពារជាតិ ដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោក ទៅនឹង សំណួរមួយអំពីថា តើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ មុន និងក្រោយព្រឹត្តិការណ៍បោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជ្រើសរើសអ្នក ស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោក ស្រី ផាក គឿនហេ ដែលត្រូវបានគេ ចោទ ប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿង អាស្រូវ អំពើពុករលួយនោះ៕ ម៉ែវ សាធី