ភ្នំពេញ៖ យុវជនម្នាក់សៀតកាំបិតបុ័ងតោតាមខ្លួន ហើយបានជិះម៉ូតូតាមរកភាគីខាងទៀត ដែលមានជម្លោះជាមួយខ្លួន បម្រុងយកទៅកាប់នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតនៅមុខមន្ទីរពេទ្យរុស្ស៊ី តែមិនទាន់បានកាប់ផង ត្រូវបានសម្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹកប្រទះឃើញក៏ចាប់វៃខ្នោះយកមកសាកសួរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសម្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹក ចេញល្បាតនៅតាមគោលដៅ ក៏ប្រទះឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក Lets មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6885 មានការសង្ស័យ ហៅសួរនាំឆែកឆេរ ឃើញកាំបិតបុ័ងតោនៅខាងក្នុងអាវទុកជាប់ក្នុងម៉ូតូ ហើយប្រតាប់ប្រតាយជាមួយសមត្ថកិច្ចទៀតផងបណ្ដាលឲ្យរបួសស្រាល។
ជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងចាត់ការតាមនីតិវិធី ៕ ស រស្មី