ខេត្តស្វាយរៀង៖ លោកស្រីបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧ – ២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៥ នៅវត្តជម្ពូព្រឹក្សា ( វត្តថ្មី ) សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។
ព្រះវិសុទ្ធញាណ មុំ សយ ព្រះមេគណខេត្ត និងជាព្រះនាយកពុទ្ធិវិទ្យាល័យស្វាយរៀង មានសង្ឃដីការសង្ខេបអំពីការវិវត្តន៍រីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងលទ្ធផលបូកសរុបរបស់អនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ ដូចខាងក្រោម៖
វិស័យព្រះពុទ្ធសាសនាចាប់ពីក្រោយថ្ងៃកំណើតទីពីរ ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានព្រះសង្ឃចំនួន៦៩១៩៩ មហានិកាយចំនួន៦៤៤០៧អង្គ ធម្មយុត្តចំនួន៤៧៩២អង្គ វត្តរួមមានចំនួន៤៨៧២វត្ត មហានិកាយមានចំនួន៤៦៥៦វត្ត ធម្មយុត្តមានចំនួន២១៦វត្ត ។
ដោយឡែក ក្នុងខេត្តស្វាយរៀង មានវត្តចំនួន២៤៣វត្ត ក្នុងនោះមានវត្តធម្មយុត្ត១ វត្ត ព្រះសង្ឃក្នុងខេត្តរួមមាន២០៧៦អង្គ នាក់
ចំពោះវិស័យពុទ្ធិកសិក្សាដោយពុទ្ធិកបានបណ្ដុះបណ្ដាលព្រះសង្ឃទាំងពីរថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តម
បច្ចុប្បន្ននេះ មានពុទ្ធិកសកលវិទ្យាល័យចំនួន៣គឺ ១ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ២ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ និង៣ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាលោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជម្ពូប្រឹក្សាទាំងអស់ ដែលសម្ដេចតែងតែនឹករលឹកជានិច្ច មិនតែប៉ុណ្ណោះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវក្នុងការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋភិបាលកម្ពុជា បានឲ្យប្រទេសមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងមានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រផងដែរ ។
លោកស្រីបន្តថា វិស័យព្រះពុទ្ធសាសនាព្រះសង្ឃ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ដូចជាបានជួយកសាងផ្លូវថ្នល់សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ និងបានចូលរួមចំណេកជាមួយកាកបាទក្រហមកម្ពុជា ដោយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ។
បន្ទាប់មក លោកស្រី ក៏បានផ្តាំផ្ញើដល់ព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា និងពុទ្ធបរិស័តលោកគ្រូ អ្នកគ្រូទាំងអស់ សូមកុំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសឃុំ- សង្កាត់ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កុំបីខានឡើយ ៕ យឹម សុថាន