ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍នៅទីក្រុងប៉េកាំង

ចែករំលែក៖

ក្រុងប៉េកាំង៖ នៅរាត្រីថ្ងៃទី១៤ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយបណ្តាមេដឹកនាំ និងប្រមុខរដ្ឋាភិបាល ជាច្រើនរូបទៀត ដែលរៀបចំដោយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅមហាវិមានប្រជាជនចិន។

ថ្លែងសុន្ទរកថាទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានមានប្រសាសន៍ស្វា គមន៍ដោយស្មោះ ចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណះប្រតិភូនៃបណ្តាប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាហ្រ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន។ វត្តមានបណ្តាមេដឹកនាំទាំងអស់ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្លាស់ប្តូរទស្សនះគ្នាទៅវិញទៅ មកលើបញ្ហាតំបន់ និងអន្តរជាតិធំៗ ពិសេសដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តនូវគំនិតផ្តួចផ្តើម ស្តីពីការបង្កើតខ្សែក្រវ៉ាត់ និងផ្លូវឲ្យកាន់តែទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត។

ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់ពីសារសំខាន់នៃការតភ្ជាប់សម្រាប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់ និង ក្រៅតំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

នៅក្នុងឱកាសនោះដែរ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានជូនពរ ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិកទាំងអស់ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបន្តនូវកិច្ចសន្ទនា និងការផ្លាស់ប្តូរមតិយោបល់ និងទស្សនៈល្អៗ ពីគ្នាទៅវិញទៅមក ដើម្បីជានិម្មិតរូបនៃភាពរីកចម្រើន និងការរស់នៅប្រកបដោយសុខសន្តិភាព ជាមួយនឹងការចេះចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើងប្រកបដោយភាពសុខដុមរមនា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖