ភ្នំពេញ៖ មន្ត្រីគយចល័តបានថ្លែងថា រថយន្តទំនើបប្រើប្រាស់ស្លាកលេខក្លែងក្លាយមួយគ្រឿងរបស់មន្ត្រីខ្សែអ្នកធំម្នាក់ត្រូវបានកម្លាំងគយចល័តចាប់នៅក្បែរអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ ។
រថយន្តអត់ពន្ធដែលគយចាប់បាននេះម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក លេខភ្នំពេញ 2AE-0465 ពណ៌ស។ ការចុះចាប់នេះដឹក នាំដោយលោកព្រាប ការ៉ាត់ ក្រោមការណែ នាំពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការ បង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំង គយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។
កម្លាំងគយចល័ត បានចុះប្រតិបត្តិការចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធបានជាច្រើនគ្រឿងរួចមកហើយ កាលពីពេល កន្លងទៅ ហើយប្រត្តិបត្តិការនេះក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕ ហេង នរិន្ទ្រ