ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងអាវុធហត្ថខេត្តឃាត់ខ្លួនបុរស៣នាក់ពីបទហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន៤នាក់ រថយន្តចំនួន ០១គ្រឿង ម៉ូតូ ០១គ្រឿង បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ខណៈមានជំលោះ ពាក្យសម្តី ឌឺដង ដាក់គ្នាទៅវិញទៅមក រួចក៏ វាយ ទៅវិញ ទៅមក ដោយ ដៃ បណ្តាលឱ្យភាគីម្ខាងទៀតរបួសបែកក្បាលរបួស(ធ្ងន់) រួចយក​មកធ្វើការសួរនាំ នៅការិ​យា​​ល័យ​ជំនាញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀម​រាប។

លោក វរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាបបាយអោយដឹងថា ក្រោយពីមានពលរដ្ឋរាយការណ៍មកឱ្យកម្លាំងការិយាល័យកងរាជអាវុធហត្ថខេត្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលវាយគ្នា ទៅវិញ ទៅមក បណ្តាលឱ្យជនរងគ្រោះ(ភាគីម្ខាងទៀត)រងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់ រួចបញ្ជូនទៅមន្ទីពេទ្យភា្លមៗ ។

លោកបានបន្តថា ជនសង្ស័យទាំង៣នាក់ ទី១/ ឈ្មោះ កែវ ឆ យ៉ា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ទី២/ ឈ្មោះ យឺន សំអាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប​ ខេត្តសៀមរាប ។ ទី៣/ ឈ្មោះ ចេង ចាន់លុច ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ខោអាវជជុះ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ចំណែក ជនរងគ្រោះ មាន ឈ្មោះ កែវ រតនា ភេទប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេតុខាងលើ ។មូលហេតុ មានជំលោះពាក្យសម្តីឌឺដង ។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖