ព័ត៌មានទាន់ហេតុការណ៍៖

បេប៊ី បាត់ឱកាសកើបលុយរាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីស្រស់សោភា ជុំ រចនាពេជ្រ ហៅ បេប៊ី ដែលកំពុងតែលេចធ្លោរក្នុងការងារសម្តែង ស្រាប់តែលេចមុខច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនានា របស់ស្ថានីយទូរទស្សន៍ និងនៅតាមបណ្តាខេត្តនានាទៅវិញ ដោយមិនទទួលយកការងារសម្តែងដូចមុន ។ នាងថា ការចាប់យកឱកាសច្រៀងនេះបានធ្វើឲ្យនាងបាត់ឱកាសកើបលុយរាប់ម៉ឺនដុល្លារអាមេរិកពីការសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់នោះ ។

កញ្ញា បេប៊ី លើកឡើងថា ដោយសារការស្រលាញ់ការច្រៀង និងមានអ្នកគាំទ្រច្រើនទើបនាងបានបត់ផ្លូវសិល្បៈមកងាកចាប់អាជីពចម្រៀងមួយរយៈធំសិន ដោយសុខចិត្តលះបង់ការសម្តែងដែលកំពុងតែហក់ឡើងខ្ពស់ ។ ពិធីការិនីទូរទស្សន៍ My TV រូបនេះបញ្ជាក់ថាមានផលិតកម្មជាច្រើនបានទំនាក់ទំនងមកកាន់នាងមិនតិចជាង១០រឿងទេ ហើយសុទ្ធតែក្នុងតំណែងតួឯកទាំងអស់ ។ នាងថា ក្នុងមួយរឿងនាងអាចរកចំណូលបានពី២ទៅ៣ពាន់ដុល្លារអាមេរិក ដូចនេះនាងក៏បាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកដែរ ។ ទោះជាយ៉ាងណាតារាស្រីរូបនេះហាក់មិនសូវនឹកស្តាយខ្ទង់ប្រាក់ចំណូលនេះទេ ព្រោះតែនាងក៏ទទួលបានឱកាសច្រៀងជាច្រើនបន្តបន្ទាប់ពីម្ចាស់កម្មវិធីជាច្រើនផងដែរ ។ នាងថា ទាំងការច្រៀង និងសម្តែងនាងស្រលាញ់ដូចគ្នា ហើយក៏អាចឲ្យនាងមានលទ្ធភាពទទួលបានប្រាក់ចំណូលមិនខុសគ្នាប៉ុន្មានដែរ ប៉ុន្តែនាងពិតជាស្តាយឱកាសថតភាពយន្តដែលពីមុននាងខិតខំខ្លាំងទើបអាចទទួលបានតំណែងតួឯកមួយរឿងៗ។ ទោះជាយ៉ាងណានាងលើកឡើងដែរថាអាចជាការល្អទៅវិញទេ ដែលនាងមិនបានបង្ហាញខ្លួនញឹកញាប់ និងច្រើនពេកក្នុងការសម្តែងភាពយន្ត ព្រោះតែមិនចង់ឲ្យទស្សនិកជនធុញទ្រាន់នាង ហើយអាចនឹងចាប់អារម្មណ៍កាន់តែខ្លាំងគ្រាដែលនាងវិលរកការសម្តែងវិញ ។

ទោះជាយ៉ាងណានាងថា នាងអាចនឹងវិលមករកការសម្តែងវិញនៅអំឡុងចុងឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់កិច្ចសន្យានៃការច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រី និងពិធីការិនីនៅតាមបណ្តាខេត្តផងដែរ ។ នាងក៏រំពឹងដែរថា ទីផ្សារការងារសម្តែងរបស់នាងនឹងនៅតែរក្សាបានកំណើនខ្ពស់ដដែល បើទោះបីជានាងផ្អាកមួយរយៈ ហើយសង្ឃឹមថា ទស្សនិកជននឹងជួយគាំទ្រនូវរាល់ស្នាដៃសិល្បៈរបស់នាងផងដែរ ៕ វឌ្ឍនា


ចែករំលែក៖