ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនជាតិបារាំងម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារ និងអន្តរាគមន៍ និងកំលាំងការិយាល័យការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ប្រភេទកញ្ឆាក្រៀម)នៅចំនុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ Michael Bernard ភេទប្រុស ជនជាតិបារាំង អាយុ៣៧ឆ្នាំ មុខរបរគណនេយ្យ ទីលំនៅ ទីក្រុងប៉ារីស ប្រទេសបារាំង (រក្សាទុក និងប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន) ដកហូត: កញ្ឆាក្រៀមចំនួន១កញ្ចប់ទំងន់០,៧១ក្រាម ថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែន ចំនួន០១ក្បាល ។

ក្រោយពេលឃាតខ្លួនបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ​ ធ្វើកំណត់ហេតុ រួចបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖