ឧត្តរមានជ័យៈ ទីតាំងស្តុក និងច្រៀកឈើគ្រញូងដ៏ធំមួយកន្លែង ដែលគេស្គាល់ថៅកែជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយ (ហៅយាយម៉ាយ) ស្ថិតក្នុងព្រៃខាងជើងភូមិ105 ជាប់ព្រុំប្រទល់ស្រុក ត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង សហការជាមួយសមត្ថកិច្ចចម្រុះចុះបង្រ្កាបកាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។
លោក ឃុន ប៊ុនហេង បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងស្តុក និងច្រៀកឈើគ្រញូងក្នុងទីតាំងកើតហេតុខាងលើ លោកក៏បានសុំគោលការណ៍ចុះបង្រ្កាបភ្លាមៗផងដែរ ។
លុះទៅដល់ទីតាំង ដោយសារតែម្ចាស់ និងកម្មករដឹងខ្លួនទាន់ ក៏បានគេចខ្លួនមុនកម្លាំងចម្រុះទៅដល់ ព្រមទាំងដឹកជញ្ជូនឈើគ្រញូងទៅផង ដោយបន្សល់ទុកវត្ថុតាងសម្ភារ និងឧបករណ៍ច្រៀកឈើគ្រញូង ក្នុងនោះ រួមមាន តាបច្រៀកចំនួន៤ តាបខ្វៀលចំនួន២ និងម៉ាស៊ីនម៉ាកយ៉ាំងដុងចំនួន៥គ្រឿង ។
បន្ទាប់ពីរឹបអូសបានវត្ថុតាង កម្លាំងរដ្ឋបាលព្រៃឈើបានយកទៅរក្សារទុកក្នុងស្នាក់ការផ្នែករដ្ឋបាល ព្រៃឈើស្ថិតក្នុងចំណុចព្រៃស្អាក ស្រុកអន្លង់វែង ។
បើតាមសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ឈ្មួញឈើគ្រញូងជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយ (ហៅយាយម៉ាយ)ខាងលើ ធ្លាប់ត្រូវបានកម្លាំងចំរុះបង្រ្កាបជាច្រើនដងមកហើយ និងបានប្រើអំពើហិង្សាលើអ្នកសារព័ត៌មានជាច្រើនលើកទៀត ហើយការដឹកជញ្ជូនឈើគ្រញូងរបស់ឈ្មួញខាងលើ គឺដឹកទាំងថ្ងៃតែម្តង ដោយសមត្ថកិច្ចក្នុងស្រុកមិនអាចបង្រ្កាបនោះទេ ហើយការបង្រ្កាបលើកនេះ គឺមានបទបញ្ជាចេញពីក្រសួងនោះទេ ៕ ប៉ែន នួន