ភ្នំពេញ៖ កម្មករសំណង់ម្នាក់ប្រទះឃើញទូដែក ដែលចោររឹតកសម្លាប់ប្លន់យកពីស្រ្តីទើប សម្រាលកូន២ខែកាលពី១អាទិត្យមុន ខណៈដែលបុរសនោះចូលទៅបត់ជើងនៅក្នុងព្រៃបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងព្រៃឫស្សីមួយកន្លែង ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ។លុះរសៀលថ្ងៃទី១៧ ខែឧសភា ទើបកម្លាំងនគរបាលប៉ុស្ដិ៍កាកាបទៅយកមករក្សាទុកនៅប៉ុស្ដិ៍ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា ទូដែកនោះមានទម្ងន់ប្រមាណ១០០គីឡូក្រាម ដែលតាមការសន្និដ្ឋានក្រុមចោរ អាចមានគ្នាចាប់ពី២នាក់ឡើងទៅ ទើបអាចលើកទូដែកនោះ ដាក់លើរថយន្តឬម៉ូតូរួច។ ទូដែកនោះត្រូវបានចោរ គាស់ទម្លុះទម្លាយយកលុយនិង គ្រឿងអលង្ការសរុបជិត២ម៉ឺនដុល្លារអស់ហើយ ហើយយក្រុមចោរទាំងនោះនៅតែបន្តគេចខ្លួនបាត់ស្រមោលដដែល។
បុរសជាកម្មករសំណង់ម្នាក់បាននិយាយថា នៅមុនពេលប្រទះឃើញគាត់បានទៅរកបត់ជើងនៅក្នុងព្រៃនោះ ហើយពេលទៅដល់បានប្រទះឃើញមានទូដែកត្រូវបានគេ គាស់ទម្លុះទម្លាយខូចខាតអស់ហើយ ហើយនៅក្បែរនោះ ឃើញមានដែកត្រសេះសម្រាប់កាប់គាស់១ និងប័ណ្ណសម្គាល់រថយន្ត១សន្លឹកផងដែរ ទើបរាយការណ៍ប្រាប់នគរបាលឲ្យទៅមើល នាំយកទូដែកនោះទៅរក្សាទុក ។
នៅក្នុងទូដែកនោះ មានលុយចំនួន៧,២០០ដុល្លារ និង១០លានរៀល ព្រមទាំងខ្សែក មាស២ខ្សែទម្ងន់៤តម្លឹង, ខ្សែដៃមាស១តម្លឹង, ខ្សែកមាសកូនក្មេង២ខ្សែទម្ងន់១ជី, ចិញ្ចៀនពេជ្រ១វង់, ក្រវិល ពេជ្យ១គូ, រួមជាមួយឯកសារមួយចំនួនទៀត ដែលលសរុបគ្រឿងអលង្ការ និងលុយនោះជិត២ម៉ឺនដុល្លារ ហើយជនរងគ្រោះត្រូវបានឃាតករឹតកសម្លាប់ និងខ្សែនីឡុង ហើយបុរសជាប្ដីរបស់ជនរងគ្រោះ ក៏បានអះ អាងថា បាត់ទូដែកនោះ។
គួររម្លឹកផងដែរថា ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិចំការ ឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយ អ្នកដែលប្រទះឃើញសាកសពនោះ គឺជាកូនបង្កើតរបស់ជនរងគ្រោះ ក្រោយពេលដែលគេត្រឡប់មកពី សាលារៀនវិញ ។
ស្រ្តីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ ទូច ម៉ារី អាយុ៣៣ឆ្នាំ មានកូនចំនួន៤ ហើយគាត់ទើបតែ សម្រាលកូនស្រីពៅទើបតែបានរយៈពេល២ខែប៉ុណ្ណោះ ហើយសព្វថ្ងៃស្នាក់នៅ ផ្ទះលេខ I -13 ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅក្នុងឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល៕ សុខាសែនជ័យ