ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំនេះនគរបាលជាតិអាក់ខានធ្វើខួបកំណើតព្រោះមមាញឹកធានាសន្តិសុខនៃការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ ខួបអនុស្សាវរីយ៍នគរបាលជាតិលើកទី៧២ឆ្នាំ (១៦ ឧសភា ១៩៤៥-១៦ ឧសភា២០១៧) នៅក្នុងឆ្នាំ២០១៧​នេះកម្ពុជាពុំបានប្រារព្ធឡើងដូចឆ្នាំមុនៗនោះទេ ដោយសារឆ្នាំនេះកម្ពុជាជាប់មមាញឹកក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ។

យោងតាមសារជូនពររបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចុះថ្ងៃទី១៦ ខែឧសភាបានឲ្យដឹងថា ដោយសារការមមាញឹកនៃការងារ ក៏ដូច ជាការទទួលខុសត្រូវ ធានាសន្តិសុខ សម្រាប់កិច្ចដំណើរការរៀបចំការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពុំបានបំភ្លេចនូវទិវានៃការចងចាំជាប្រវត្តិ សាស្ត្ររបស់អង្គប្រតិបត្តិច្បាប់ ដែលបានចាប់បដិសន្ធិក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ បានឡើយ ។

សម្តេច ស ខេង បានកោតសរសើរ ​ ​ ​ចំពោះការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ ថ្នាក់ក្នុងបុព្វហេតុ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុង រយៈពេលកន្លងមក ៕ សហការី


ចែករំលែក៖