ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើដ៏ធំល្បីឈ្មោះដុះស្លែម្នាក់លួចដឹកឈើប្រណីតបង្កប់បន្លំធ្វើជារថយន្តដឹកភ្ញៀវយកទៅលក់នៅប្រទេសវៀតណាមត្រូវបានបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឈើប្រណីតប្រភេទធ្នង់រាប់រយពាន់សន្លឹក និងច្រើនម៉ែត្រគូប គរទុកនឹងរថយន្តបីគ្រឿងផ្ទុកសុទ្ធតែឈើប្រណីតបម្រុងដឹកចេញទាំងថ្ងៃនឹងមួយគ្រឿងទៀត រត់ការមើលផ្លូវនិងដឹកជញ្ជូនពីកន្លែងផ្សេងៗ យកមកស្តុកទុកនឹងដឹកចេញ បន្តតែត្រូវបានបែកធ្លាយដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចេញបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចម្រុះលោមព័ទ្ធស្ទាក់ឃាត់ទាន់ ពេលវេលានៅក្នុងភូមិគ្រឹះ ដែលគេដឹងថាជាកម្មសិទ្ធិរបស់លោកឧកញ៉្ញាថៃ ឋិតក្នុង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៧ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា ផ្ទះដែលមានរបងថ្មព័ទ្ធជុំវិញនោះគឺជាភូមិគ្រឹះរបស់លោកឧកញ៉្ញាថៃ ហើយគេសង្កេតឃើញមានម៉ូតូដឹកឈើចេញចូលនិងរថយន្តសាំងយ៉ុងចេញចូលមិនសូវដាច់នោះទេ ។ ប្រភពដដែលបាន បន្តទៀតថា ផ្ទះស្តុកឈើនិងរកសុីដឹកឈើខុសច្បាប់ខាងលើនោះ មិនមែនទើបតែរកនោះទេគឺរាប់ឆ្នាំមកហើយ ។ ម្យ៉ាងទៀតមានសំឡេងរំខានចេញពីក្នុងផ្ទះខាងលើនោះពេលលើកឈើចុះនិង​ឡើងរថយន្ត ។

លោក សុខ សីុដា នាយរងផ្នែករដ្ឋបាល ព្រៃឈើក្រុង បានឲ្យដឹងថាក្នុងការបង្ក្រាប ទីតាំងស្តុកឈើប្រណីតនិងឃាត់រថយន្ត ចំនួនបួនគ្រឿងបម្រុងដឹកឈើចេញនេះក្រោមការសម្របសម្រួលពីលោកគឹម ហ៊ុង សានព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ត ។

អ្នកមើលការខុសត្រូវទីតាំងផ្ទះស្តុក ឈើខាងលើ ឈ្មោះស្រឹត សារឹទ្ធ និយាយថាផ្ទះនេះជាផ្ទះរបស់លោកឧកញ៉្ញាថៃខ្លួនគ្រាន់តែជាអ្នកដំណាងឲ្យម្ចាស់ផ្ទះ មើលការខុសត្រូវឲ្យឧកញ៉្ញាតែប៉ុណ្ណោះ ហើយ ពេលនេះលោកឧកញ៉ាក៏មិននៅដែរ ។

មន្រ្តីព្រៃឈើឲ្យដឹងថា ឈើដែលសមត្ថកិច្ចបង្ក្រាបខាងលើនៅមិនទាន់រាប់ដឹងចំនួននៅឡើយទេ រួមទាំងរថយន្ត៤គ្រឿងត្រូវ យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត។ ចំណែកម្ចាស់ផ្ទះស្តុកឈើរួមទាំងម្ចាស់ឈើរកស៊ីខុសច្បាប់គ្មានការអនុញ្ញាតនិងម្ចាស់រថយន្តត្រូវទុកពេលឲ្យរយៈពេល មួយខែដើម្បីឲ្យចូលខ្លួនទៅដោះស្រាយ តែបើហួស ពេលនេះនឹងកសាងសំណុំរឿង បញ្ជូនទៅ​ តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ មាស សុផាត


ចែករំលែក៖