ខេត្តកោះកុង ៖ សំណង់រំលោភលើអូរ មួយកន្លែងបានចាក់គ្រឹះបិទផ្លូវទឹកត្រូវ បានប្រជាពលរដ្ឋចោទប្រកាន់ថា មានការ បើកភ្លើងខៀវពីលោក អ៊ិក គួន មេឃុំថ្មស ទើបសំណង់អត់ច្បាប់មួយនេះ និងជាច្រើនទៀតបាននិងកំពុងរីករាលដាលដូចផ្សិតនៅលើទឹកដីនៃស្រុកបទុមសាគរ ពិសេស នៅក្នុងឃុំថ្មស ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ម្ចាស់ សំណង់អត់ច្បាប់ខាងលើមានឈ្មោះ ជា សុថាវីរិទ្ធិ ហៅតី ជាក្មួយប្រុសរបស់លោក មេឃុំថ្មស ។ ដោយសារតែគេមានខ្នងបង្អែក បែបនេះហើយ ទើបគេអាចធ្វើអ្វីៗបានទៅតាមអំពើចិត្ត បើសិនជាពលរដ្ឋក្រីក្រគ្មានសែស្រឡាយវិញ មិនអាចសាងសង់បំពានច្បាប់លើអូរបែបនេះបានទេ ។ ការឃុបឃិតគ្នាជាប្រព័ន្ធនេះស្ទើរក្លាយជាទម្លាប់របស់ក្រុមមន្ត្រីខិលខូចមួយចំនួនទៅហើយនៅឃុំថ្មស ។
ប្រភពដដែលបានបន្តថា កន្លងមក ពិសេសនៅរដូវវស្សា ពេលភ្លៀងធ្លាក់ម្តងៗ មានការជន់លិចផ្លូវ និងផ្ទះពលរដ្ឋខ្លះៗទៅ ហើយ ស្រាប់តែពេលនេះមានការសង់សំណង់នៅលើអូរ និងចាក់គ្រឹះទប់ផ្លូវទឹកបែបនេះទៀត ពេលរដូវវស្សាចូលមកដល់មិនដឹងថា ពលរដ្ឋនៅម្តុំនេះនឹងត្រូវរងទុក្ខបែបណា ។
លោក អ៊ិក គួន មេឃុំថ្មសបាននិយាយ ថា ករណីនេះគេបានប្រាប់គាត់ហើយ សំណង់របស់គេមានច្បាប់ ម្ចាស់គេបាន ប្រាប់ទៅខាងភូមិបាលរួចរាល់អស់ហើយ ។
លោក ពៅ ច័ន្ទថនខាងភូមិបាលពាក់បាន ឲ្យដឹងដែរថាព័ន្ធនឹងបញ្ហាសាងសង់សំណង់ខាងលើលោកមិនបានដឹងទ្បើយ ហើយពេលនេះលោកកំពុងរវល់នៅឯទីក្រុងភ្នំពេញចាំលោកត្រឡប់ទៅវិញចាំលោកចុះទៅពិនិត្យមើល ។
ចំណែកលោក ចាន់ មុន្នីហៅវ៉ាត ប្រធានការិយាល័យបរិស្ថានស្រុកបទុមសាគរវិញបានឲ្យដឹងថា បើសិនជាមានការសាង សង់ទៅលើអូរបែបនេះមែនវាពិតជាប៉ះពាល់ខ្លាំង ចាំលោកចុះទៅពិនិត្យមើលសិន បើវា ពិតជាប៉ះពាល់មែនលោកមិនអនុញ្ញាតឲ្យសំណង់ខាងលើ សាងសង់បានឡើយ ។
ចំណែកលោក ជា សុថាវីរិទ្ធិ ជាម្ចាស់ សំណង់បានឲ្យដឹងថា លោកបានប្រាប់ទៅលោកមេឃុំរួចរាល់អស់ហើយ ហើយបើ សំណង់អត់ច្បាប់ តើវាយ៉ាងម៉េច? ៕ សហការី