ព័ត៌មានទាន់ហេតុការណ៍៖

ទីកន្លែងព្រះគោដែលជាទីសក្ការៈអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយរបស់ពលរដ្ឋស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងត្រូវបានសាងសង់ថ្មីឡើងវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរួមទាំង យាយជីតាជី ព្រះចៅអធិការវត្តដែលបាន រស់នៅជុំវិញប្រាសាទព្រះគោរាប់សិបគ្រួសារក្នុងស្រុកថាឡាបរិវ៉ាត់មានការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ខណៈរុះរើរោងចាស់ហើយធ្វើការសាងសង់ដំណាក់ព្រះគោ ឡើងវិញសាជាថ្មី ដែលមានលក្ខណៈស្អាតហើយមានទំហំធំជាងមុន នៅភូមិ-ឃុំ-ស្រុក ថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង កាលពី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋដែលជាអ្នករស់នៅជំុវិញបរិវេណប្រសាទព្រះគោក្នុងទីតាំងខាងលើនោះបានឱ្យដឹងថា រូបសំណាករបស់ព្រះ គោមួយនេះកាលពីមុនមកធ្លាប់មានជន ខិលខូចលបលួចយកផ្នែកភ្លៅខាងស្តាំ អស់មួយចំហៀង ដែលតាមដឹងក្រុម ជនខិលខូចចង់យកទាំងមូល ប៉ុន្តែដោយសារបារមីព្រះគោនៅស័ក្តិសិទ្ធមិនអាច យកបាននោះទេ ទើបរូបសំណាកព្រះគោ មួយនេះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ។ ប្រជាជនរស់នៅទីនោះមានដើមកំណើតជាជនជាតិភាគតិច(កួយ)ពួកគេបានគោរពធ្វើជាទីសក្ការៈអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយដល់ក្រុមគ្រួសារ និងធ្វើស្រែ ចម្ការឲ្យទទួលបានផលល្អ។ សព្វថ្ងៃនេះជារឿយៗតែងតែមានហ្វូងសត្វពាហនៈគោក្របីដោយញីដោយឈ្មោល ចូលមកដេកជុះអាចម៍នោមនៅក្នុងដំណាកព្រះគោនិងនៅជុំវិញបរិវេណប្រាសាទព្រះគោនោះយ៉ាងអានាធិបតេយ្យ ។ ពួកគាត់ បានបន្តទៀតថា ឥឡូវនេះមានឯកឧត្តមពីរនាក់មកពីរាជធានីភ្នំពេញបានចំណាយ ថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់ដំណាក់ ព្រះគោថ្មី ដោយធ្វើអំពីឈើប្រក់ក្បឿងធំហើយស្អាតជាងមុន បំណងការពាររូប សំណាកព្រះគោមួយនេះទុកឱ្យកូនចៅក្មេងៗប្រុសស្រីជំនាន់ក្រោយបានឃើញនិងស្គាល់នូវវត្ថុបុរាណដែលជាកេរដំណែលនិង តំណាងឲ្យជាតិខ្មែរយើងផង ។

អ្នកម៉ៅការសាងសង់ឈ្មោះកុយ វណ្ណត្ថា បានប្រាប់កាលពីថ្ងៃទី១៦ ខែឧសភាឲ្យដឹង ថាការចំណាយថវិកាក្នុងការសាងសង់ ដំណាកព្រះគោខាងលើនេះមានល​ោក សាំង យន់នៅឯរាជធានីភ្នំពេញនិងមានពីរនាក់ទៀតបានចូលរួមជាមួយគ្នារួចបាន ប្រគល់ទៅឱ្យលោកស្វាយ ញ៉ន មេបញ្ជា ការតំបន់ប្រតិ បត្តិការសឹករងខេត្តស្ទឹងត្រែងជាអ្នកទទួលខុសត្រូវសាងសង់ដំណាក់ព្រះគោថ្មីឡើងវិញនេះ ។

លោកបានបញ្ជាក់ថា នៅទីតាំងបរិវេណ ប្រាសាទព្រះគោនេះមានអត្ថប្រយោជន៍ ច្រើនណាស់ ដល់ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយក៏ដូចជាភ្ញៀវទេសចរ ជិតឆ្ងាយនាំគ្នាចូលមកទស្សនានិងអុជធូបសំពះថ្វាយ បង្គំគោរពនិងបួងសួងសុំនូវសេចក្តីសុខ សប្បាយទាំងភ្ញៀវជាតិនិងអន្តរជាតិមន្ត្រី រាជការក្មេងចាស់ ស្រីប្រុស ។ ជាពិសេសនោះនៅពេលមានពិធីបុណ្យភ្ជុំុបិណ្ឌចូល ឆ្នាំខ្មែរ និងពិធីបុណ្យប្រាសាទព្រះគោតែ ម្តងក៏មានសម្តែងសិល្បៈវាយខែលរបស់ ជនជាតិភាគតិច(កួយ) ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយខានមិនបាននិងមានពិធីរាំវង់កំដរផង ៕ មាស សុផាត


ចែករំលែក៖