ប្រជាពលរដ្ឋរស់នៅក្នុងបុរីឃិតឈឿនដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខមិនតិចជា១០០គ្រួសារបានចាញ់បោកក្រុមហ៊ុនសន្តិសុខម៉ាស្ទ័រ ប្រឺហ្វេសិន ណល សីុឃ្យួរឹធីខូអិលធីឌី (MPS) ដែលមានទីតាំងស្ថិតនៅភូមិគោក្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខក្នុងមួយគ្រួសារៗមិនតិចជាង៣មឺុនរៀល ដែលក្រុមហ៊ុននេះធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ រស់នៅក្នុងបុរីខាងលើ។ ក្នុងការធានាដាក់កម្លាំងសន្តិសុខការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងបុរីទាំងមូលដោយមិនឲ្យមានក្រុមចោរលួច ចោរប្លន់បានឡើយ ។
អ្វីដែលប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយនេះខកចិត្តយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីក្រុម ហ៊ុនសន្តិសុខខាងលើប្រមូលលុយពីប្រជាពលរដ្ឋបានហើយ បែរជាដកកម្លាំងសន្តិសុខ ចេញ ហើយអះអាងថា មិនអាចបំពេញកាតព្វកិច្ចយាមកាមរក្សាសន្តិសុខជូនបុរីបាន ទេ ព្រោះតែក្រុមហ៊ុនកំពុងខាតឡុងចុង ។
ប្រជាពលរដ្ឋជាច្រើនបានអះអាងថា អស់រយៈពេល៣ខែមកហើយក្រុមសនិ្តសុខ ខាងលើេនេះតែងបានប្រមូលលុយកាក់ពីប្រជាពលរដ្ឋក្នុងបុរីជាថ្នូរនឹងការដាក់កម្លាំង សន្តិសុខមកការពារឲ្យមានសុវត្ថិភាពល្អ ។ លុះទើបតែដើមខែឧសភា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានដើរប្រមូលលុយពីប្រជាពលរដ្ឋដូចខែមុនៗដែរ ប៉ុន្តែនៅពេលប្រមូលលុយ បានច្រើនហើយ បែរជាប្រាប់ថាក្រុមហ៊ុនរបស់ខ្លួនខាតឡុងចុងមិនអាចដំណើរការទៅ មុខរួចទៀតទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាយោគយល់ និងកុំប្រតិកម្មក្នុងការយក លុយដែលបង់រួចទៅវិញអី ។ លើសពីនេះទៀត អ្វីដែលគួរតែស្មានមិនដល់ទៀតនោះ គឺក្រុមហ៊ុនសន្តិសុខ ម៉ាស្ទ័រ ប្រឺហ្វេសិនណល សីុឃ្យូរឹធីខូអិលធីឌីដែលមានទីតាំងស្ថិត នៅអគារលេខ៦៥៨ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថែមទាំងបិទទូរស័ព្ទទាំង៦ខែ្សមិនឲ្យប្រជាពលរដ្ឋទាក់ទងបានទៀតផង ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែនដីមេត្តាចុះត្រួតពិនិត្យមើលក្រុមហ៊ុន សន្តិសុខមួយនេះផង ដោយកុំឲ្យពួកគាត់ដើរបោកប្រាស់ប្រជាពលរដ្ឋតទៅទៀត ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងពង្រឹងសណ្តាប់ធ្នាប់ និងសនិ្តសុខតាមមូល ដ្ឋាននីមួយៗយ៉ាងយកចិត្តទុកដាក់នោះ ។
ជាមួយគ្នានេះដែរ ពួកគាត់ក៏សំណូមពរដល់ក្រសួងមហាផ្ទៃក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចដទៃទៀតមេត្តាត្រួតពិនិត្យពីសកម្មភាព ឬអាជ្ញាបណ្ណក្រុមហ៊ុនសន្តិសុខម៉ាស្ទ័រ ប្រឺហ្វេសិនណលសីុឃ្យូរឹធីខូអិលធីឌី តើពួកគេរកសីុធ្វើនំអត់ម្យៅមែនទេ? ៕