ដូចអ្វីដែលប្រធានាធិបតីថ្មីបារាំងបានប្រកាសថា លោកមិនមែនជាអាទិទេព ជួយអឺរ៉ុបឡើយ ភាពស្ថិតស្ថេរ និងការ រឹងមាំរបស់អឺរ៉ុប គឺអាស្រ័យទៅលើប្រទេសជាសមាជិកប៉ុណ្ណោះ។ បើទោះបីបែបណាក្តីអឺរ៉ុបពេលនេះដូចជាបានធូរស្រាលបន្តិច ក្រោយ ពេលមានអ្នកដឹកនាំគាំទ្រអឺរ៉ុប ហើយបើចំមេដឹកនាំគាំទ្ររុស្ស៊ីវិញនោះ អឺរ៉ុបមិនអាចរស់រានបានយូរទៀតឡើយ។
ការណ៍ដែលអឺរ៉ុបមិនអាចស្ថិតស្ថេរ បានយូរដោយសារតែ រុស្ស៊ីបាននិងកំពុងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ ប្រទេសនៅក្នុងតំបន់Balkan ចំណែក ប្រទេសតំបន់អឺរ៉ុបវិញមិនដែលមានទំនាក់ទំនងល្អប្រសើរដូចជារុស្ស៊ីនោះឡើយ។
លោកខាងលិចនិងអាមេរិកទីបំផុតត្រូវតែសម្រេចធ្វើសកម្មភាពអ្វីមួយ ដើម្បីរារាំងទំនាក់ទំនងដ៏ល្អប្រសើររវាងរុស្ស៊ីនឹងប្រទេសតំបន់Balkan។ ចំពោះអឺរ៉ុប មានន័យថាត្រូវ តែពង្រីកសហគមន៍របស់ខ្លួនដោយមាន ទំនាក់ទំនងជាមួយប្រទេសបាល់កង់បានល្អប្រសើរ ប៉ុន្តែអឺរ៉ុបមានភាពយឺតយ៉ាវនិងជួបនូវឧបសគ្គជាច្រើន។
សារព័ត៌មាន Sputnik news បានផ្សាយ ទៀតថា ចំណុចទាំងនោះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះឡើយ តាមការពិតសម្តី ដែលមានតម្លៃបំផុត សម្រាប់បើកផ្លូវឲ្យ ប្រទេសតំបន់បាល់កង់ចូលជាមួយអឺរ៉ុបនោះគឺស្ថិតនៅលើរដ្ឋាភិបាល ទីក្រុងប៊ែឡាំង អាល្លឺម៉ង់។ គណៈកម្មាធិការអឺរ៉ុបមិនអាចធ្វើអ្វីបានឡើយនៅតំបន់បាល់កង់ប្រសិនបើអាល្លឺម៉ង់មិនបើកភ្លើងខៀវទេនោះ។
អាល្លឺម៉ង់ត្រូវបានចាត់ទុកថាជាប្រទេសដែលគាំទ្រខ្លាំងបំផុតដល់ការឯកភាពនៃ បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបទាំងមូលក្នុង សហគមន៍តែមួយ ហើយបានសន្យាថានឹងជំរុញដំណើរចូលជាមួយសហគមន៍អឺរ៉ុប របស់ប្រទេសតំបន់បាល់កង់។ កាលពីខែ កក្កដាកន្លងមក អធិការបតីអាល្លឺម៉ង់លោកស្រីAngela Merkel បានបំពេញដំណើរ ទស្សនកិច្ចទៅកាន់៣ប្រទេសតំបន់បាល់ កង់ក្នុងនោះមានប្រទេសអាល់បានៀបូស្នៀ និងសឺបៀ។
សារព័ត៌មានEconomist បានផ្សាយថាឧបសគ្គកំពុងតែកើនឡើងសម្រាប់ប្រទេស តំបន់អឺរ៉ុបនិងអាមេរិកនៅតំបន់បាល់កង់។ទន្ទឹមនិងនោះពលរដ្ឋនៅតំបន់បាល់កង់បែរជាមានមនោសញ្ជេតនាជាមួយរុស្ស៊ីទៅ វិញ។ កន្លងមកថ្មីៗប្រទេសសឺបៀមាន គម្រោងចូលរួមធ្វើសមយុទ្ធជាមួយរុស្ស៊ីនាខែកញ្ញាខាងមុខ។
ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា លោកខាងលិចកំពុងតែមើលឃើញនូវភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងប្រទេសបាល់កង់ ធ្វើឲ្យអឺរ៉ុបចំាបាច់ត្រូវតែចាត់វិធានការរារាំង និងជំរុញឲ្យប្រទេសក្នុងតំបន់នោះចូលជាមួយអឺរ៉ុបឲ្យបានលឿនបំផុត បើមិនដូច្នោះទេនឹងធ្លាក់ចូលក្នុងដៃប្រទេសរុស្ស៊ីជាមិនខាន។
សារព័ត៌មានHandelsblatt របស់អាល្លឺម៉ង់ បានផ្សាយថា រុស្ស៊ីត្រូវបានប្រទេសនៅក្នុងតំបន់ បាល់កង់បានគាំទ្រាំទៅលើប្រទេសរុស្ស៊ី ហើយមានការប្រុងប្រយ័ត្នទៅលើប្រទេសតំបន់អឺរ៉ុបទៅវិញដោយសារតែ អឺរ៉ុបបរាជ័យក្នុងការអនុវត្តពាក្យ សន្យាក្រោយសង្គ្រាមត្រជាក់។
នៅតាមដងផ្លូវក្នុងទីក្រុងSarajevo របស់ ប្រទេសបូស្នៀនិងGerzegovina យុវវ័យបានពាក់អាវដោយមានរូបលោក ពូទីនទៀតផង ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់យុវវ័យដល់រដ្ឋាភិបាលរុស្ស៊ី។ យុវជនម្នាក់ឈ្មោះ Darifo បាន និយាយថា«ខ្ញុំចូលចិត្តលោកពូទីន ដោយសារតែគាត់បានធ្វើអ្វីតាមតែគាត់ចង់បាននៅក្នុងកម្រិតណាមួយគាត់គឺជាព្រះរបស់យើង»។
ពលរដ្ឋនៅក្នុងប្រទេសតំបន់បាល់កង់ក៏បានបញ្ជាក់ថាលោកពូទីនគឺជាក្តីសង្ឃឹម ជួយដល់ប្រទេសនៅក្នុងតំបន់នេះ ។ ពល រដ្ឋនៅទីនោះបានជឿរជាក់ទៅលើរុស្ស៊ីច្រើនជាងអឺរ៉ុបទៅទៀត។
តាមលទ្ធផលនៃការស្រាវជ្រាវមួយរបស់បណ្តាញព័ត៌មានPolitika ក្នុងប្រទេស សឺបៀបង្ហាញឲ្យឃើញថា ពលរដ្ឋជាង៦១ភាគរយចង់ឲ្យរដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ។កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលទីក្រុងមូស្គូបានផ្តល់ជំនួយជាបន្ទាន់មួយដល់ប្រទេសសឺបៀនិងបូស្នៀក្នុង ពេលដែលប្រទេសទាំងពីរនោះបានជួបនូវគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំមិនធ្លាប់មាន រយៈពេលជាង១០០ឆ្នាំកន្លងមក។ ចំណែកអឺរ៉ុបវិញដែលមានភូមិសាស្ត្រជិតគ្នាតែមិនបានខ្វល់ខ្វាយជួយនោះឡើយទាំងនោះហើយបានជាពលរដ្ឋនៅក្នុងតំបន់នោះ គាំទ្ររុស្ស៊ីច្រើនជាងអឺរ៉ុប។
ចំពោះអឺរ៉ុបវិញមានភាពសាំញំាុដោយត្រូវពិភាក្សាតើត្រូវផ្តល់ជំនួយបែបណាទើបចំគោលដៅ។ ចំនែករុស្ស៊ីវិញមិនធ្វើដូច្នោះឡើយ គឺបានផ្តល់ជំនួយមិនខ្វល់ថាយកទៅធ្វើអ្វីនោះទេឲ្យតែបានទៅដល់ដៃជន រងគ្រោះ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសនៅក្នុងតំបន់បាល់កង់ ប្រធានាធិបតីរុស្ស៊ីលោកពូទីនត្រូវបានពលរដ្ឋនៅទីនោះទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ប្រធានាធិបតីសឺបៀលោកTomislav Niko lic ក៏មិនស្ទាក់ស្ទើរហៅរុស្ស៊ីថាជាសម្ពន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនដែរ បើទោះបីទីក្រុង មូស្គូទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។
ការគាំទ្ររបស់ពលរដ្ឋក្នុងប្រទេសតំបន់បាល់កង់ ទៅលើប្រទេសរុស្ស៊ីបានធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែ រុស្ស៊ីបានជ្រៀតចូលចំកណ្តាលបេះដូច របស់អឺរ៉ុប។ នៅពេលអនាគតពលរដ្ឋទាំងនោះអាចក្រោកឈរឡើងប្រឆាំងនឹងប្រទេស អឺរ៉ុបជុំវិញការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។ ទាំងនោះជាការបរាជ័យមួយយ៉ាងធំធេង របស់អឺរ៉ុបដែលមិនអាចរក្សាបានទំនាក់ ទំនងល្អប្រសើរជាមួយប្រទេសតំបន់បាល់កង់។
អ្នកឯកទេសវិភាគបានអះអាងថារុស្ស៊ីកំពុងតែក្តោបយកឱកាសនោះបំបែកបំបាក់សហគមន៍អឺរ៉ុប ឲ្យទៅជាបំណែកតូចៗ វិញដូចជាអតីតសហភាពសូវៀតអ៊ីចឹងដែរនៅក្នុងជំនាន់ក្រោយ របស់អឺរ៉ុបដែលឡើងដឹកនាំប្រទេសជាតិ។ កន្លងមកមេដឹកនាំ រុស្ស៊ីក៏បានបញ្ជាក់ថាមេដឹកនាំអឺរ៉ុបមិន ដែលបានអនុវត្តគោលនយោបាយការ បរទេសដោយឯករាជ្យនោះឡើយគឺស្ថិតនៅក្រោមការដឹកនាំរបស់អាមេរិកទាំង ស្រុង។
ដូចអ្វីដែលមេដឹកនាំរុស្ស៊ីបានបញ្ជាក់នៅជំនាន់ក្រោយនោះ អឺរ៉ុបនឹងចាកចេញពីឥទ្ធិពលរបស់អាមេរិក មិនស្តាប់តាមការចង្អុលផ្លូវរបស់អាមេរិកទៀតនោះឡើយវាធ្វើឲ្យអឺរ៉ុបត្រូវខាតបង់យ៉ាងធំធេងលើវិស័យសេដ្ឋកិច្ច។ អឺរ៉ុបក៏មិនចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីនោះដែរ ប៉ុន្តែមិនអាចគេចផុតពីគំនាបរបស់អាមេរិក។ គ្រាន់តែការដាក់ទណ្ឌកម្មនោះប្រជាកសិករអឺរ៉ុបនាំគ្នាធ្វើបាតុកម្មប្រឆាំងដោយសារតែផលិតផលកសិកម្មត្រូវធ្លាក់ថ្លៃ កសិករត្រូវខាត បង់ ជាច្រើនក្រោយពេលរុស្ស៊ីផ្អាកទិញទំនិញ កសិកម្មពីអឺរ៉ុប។
នៅពេលនេះសហគមន៍អឺរ៉ុបកំពុងស្វែងរកវិធីសាស្ត្រដើម្បីទប់ស្កាត់យុវវ័យដែលមានបំណងក្រោកឈរឡើងប្រឆាំងអឺរ៉ុបផ្ទាល់ អាចធ្វើឲ្យតំបន់នេះប្រឈមនឹងការបែកបាក់ដូចអ្វីដែលមេដឹកនាំរុស្ស៊ីបាន និយាយ។ ការក្រោកឈរឡើងពីពលរដ្ឋនៅខាងក្នុងពិបាកនៅក្នុងការគ្រប់គ្រងខ្លាំងណាស់ទាំងនោះហើយបានជាអឺរ៉ុបប្រកាសអាសន្នក្រហម ទប់ស្កាត់ការគាំទ្ររុស្ស៊ីផ្ទុះចំកណ្តលបេះដូងអឺរ៉ុប ៕ ម៉ែវ សាធី