ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សន្យាបន្ដជួយសហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯវិមានសន្តិភាព កាលពី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេច Tun Dr. Abdullah Ahamd Badawi អតីតនាយករដ្ឋមន្ត្រីទី៥ ម៉ាឡេស៊ី បានសន្យាបន្ដជួយសហគមន៏ ខ្មែរឥស្លាម ដើម្បីកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ។ លោកបានសន្យាបែបនេះ ខណៈលោក

បន្តជួបសំណេះសំណាល ជាមួយបណ្តាថ្នាក់ដឹកនាំ សហគមន៏ឥស្លាមកម្ពុជា នៅឯស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសា សនាឥស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី អមដំណើរដោយលោក Dato’ Sri Hasan Bin Malek ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជារួមនឹងគណៈប្រតិភូម៉ាឡេស៊ី នៅរសៀលថ្ងៃទី ១៨ ឧសភា ឆ្នាំ២០១៧ ។

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និង ប្រជាជនម៉ាឡេស៊ី ដែលតែងតែបានជួយឧត្តម្ភគ្រាំទ្រដល់ការងារមនុស្សធម៌នៅកម្ពុជា ដែលក្នុងនោះរដ្ឋាភិបាលម៉ាឡេស៊ី ជាអ្នករ៉ាប់រង នូវគម្រោងអភិវឌ្ឍន៍នានា ដល់សហគមន៍ខ្មែរឥស្លាម ដែលកំពុងបណ្តុះបណ្តាលបច្ចេកទេស និង គ្រប់គ្រងវិស័យហាឡាល់ វិស័យសិក្សាធិការឥស្លាម វិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) វិស័យវ៉ាហ្គហ្វ (ទាយជ្ជទាន) មូលនិធិសម្រាប់គ្រប់គ្រងហាជ្ជី (មូលនិធិធម្មយាត្រា) បច្ចេកទេសគ្រប់គ្រង រដ្ឋបាលរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងការគ្រប់គ្រងអាពាហ៍ពិពាហ៍បែបឥស្លាម ក្រៅពីនេះ អង្គការ មនុស្សធម៌ម៉ាឡេស៊ីជាច្រើនបាននិងកំពុង តែចូលរួមកិច្ចការមនុស្សធម៌លើគ្រប់វិស័យដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែគោរពស្រឡាញ់ លើកស្ទួយគ្រប់វិស័យ មិនរើសអើងជាតិសាសន៍ ជាពិសេសបានបង្កើតស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាម កម្ពុជា ត្រូវបានបង្កើត ឡើងវិញក្នុងឆ្នាំ ២០០០ ដែល មានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់កណ្ដាលដល់មូលដ្ឋាន បញ្ចូលគ្រូបង្រៀនឥស្លាមកម្ពុជា ១,៥០០ នាក់ ក្នុងក្របខណ្ឌគ្រូបង្រៀនរបស់រដ្ឋ អនុញ្ញាតជាគោលការណ៍ឲ្យបុរសពាក់ កាតឹប និងស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ រៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន រៀបចំ និង ឧបត្ថម្ភថវិកា សម្រាប់ការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម ជារៀង រាល់ឆ្នាំ ហើយថ្មីៗនេះ បង្កើតឲ្យមានស្ថាប័ន ហាឡាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។

សម្តេច Tun Dr. Abdullah Ahamd Badawi បាន បញ្ជាក់ពីការគោរពស្រលាញ់និងកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់ជាតិសាសន៍ នៅកម្ពុជារួមរស់ជាមួយគ្នាដោយសន្តិភាពគ្មានទំនាស់ និង រើសអើងនឹងគ្នា ជាពិសេសសហគមន៍ឥស្លាមកម្ពុជាត្រូវបានផ្តល់នូវភាពកកើក្តៅ យ៉ាងខ្លាំក្លា បំផុតស្មើនឹងការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់សាសនិកទាំងអស់នៅកម្ពុជា។ អតីតនាយករដ្ឋមន្ត្រីទី៥ម៉ាឡេស៊ី បានសន្យានឹងបន្តជំរុញជួយជ្រោមជ្រែង និង សហការលើគ្រប់ផ្នែកបច្ចេក ទេស និង ការងារមនុស្សធម៌រវាងប្រទេសទាំងពីរឲ្យកាន់តែបានល្អប្រសើរថែមទៀតក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសជិតខាងដ៏ល្អ ៕ សំរិត


ចែករំលែក៖