ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានរៀបចំពិធីប្រគល់ និងទទួលសម្ភារល្បាត និងសម្ភារប្រើប្រាស់ដល់មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមអធិបតីភាពលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍័អន្តរជាតិនៃសហរដ្ឋអាមេរិក(USAID), លោកអ៊ុក ស៊ីសុវណ្ណ តំណាងអង្គការ Winrock International, លោក Alexander G Wyatt តំណាងអង្គការ WWF ព្រមទាំងមន្រ្តីឧទ្យានុរក្សចូលរួមប្រមាណជា៤០នាក់។
គោលបំណងនៃការចែកសម្ភារល្បាត និងសម្ភារប្រើប្រាស់ដល់មន្រ្តីឧទ្យានុរក្សនាពេលនេះ គឺជាការលើកទឹកចិត្តដល់មន្រ្តីអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី នៅលើផ្ទៃដីព្រៃតំបន់ការពារប្រមាណ១លានហិកតា ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងដែនជម្រកសត្វព្រៃកែវសីមា។
សម្ភារល្បាត និងសម្ភារប្រើប្រាស់ដែលទទួលបាននាពេលរួមមាន ៖ ស្បែកជើងឃ្លុប អង្រឹង តង់ជម្រក អាវភ្លឿង ស្រោមជើង ខ្សែក្រវាត់ សម្ភារថ្នាំពេទ្យជាដើម។
លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក(USAID) អង្គការ Winrock International តាមរយៈអង្គការ WWF-កម្ពុជា ដែលកន្លងមកតែងតែគិតគូរជួយជ្រោមជ្រែងទាំងថវិកា បច្ចេកទេស ចំណេះដឹង និងសម្ភារដល់មន្រ្តីឧទ្យានុរក្ស ជាពិសេសដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងការងារអភិរក្សធនធានធម្មជាតិឲ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងជាការសម្រាលទុក្ខលំបាករបស់មន្រ្តីឧទ្យានុរក្ស មន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ក៏ដូចជាការ បន្ធូរបន្ថយបន្ទុករបស់រាជរដ្ឋាភិបាលបានមួយកម្រិតផងដែរ៕ សុខ ខេមរា